រដ្ឋបាលខេត្តបាត់ដំបង បន្តជំរុញការផ្ដល់ប័ណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋ ដើម្បីធានាសុវត្ថិភាព អចលនវត្ថុ និងលើកកម្ពស់ជីវភាព
ខេត្តបាត់ដំបង÷ ព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ នេះ ឯកឧត្តម ផេង សិទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសុខ លូ អភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិដីធ្លី) ជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងភូមិអូរមុនី១ ឃុំអន្លង់វិល ស្រុកសង្កែ។ ក្នុងពិធីដ៏មានអត្ថន័យនេះ ក៏មានការអញ្ជើញអមដំណើរដោយ លោកវរសេនីយ៍ឯក ប៉ោ វិចិត្រ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តបាត់ដំបង ព្រមទាំងមានការចូលរួមពីមន្ត្រីជំនាញនៃមន្ទីរពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ដែលពិធីនេះត្រូវបានរៀបចំឡើងនៅបរិវេណផ្សារត្នោតជូរ ភូមិជំនីក ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។ ការផ្ដល់សិទ្ធិស្របច្បាប់÷ ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនាពេលនេះ គឺជាការឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្ត ក្នុងការបង្ខិតសេវាសាធារណៈឱ្យកៀកនឹងពលរដ្ឋ ដើម្បីធានាបាននូវសិទ្ធិលើកម្ចាស់ដីធ្លីស្របច្បាប់ និងបង្កើនភាពជឿជាក់លើការគ្រប់គ្រងអចលនវត្ថុ។ Read more










