រាជធានីភ្នំពេញ÷កំពុងក្លាយជាប្រធានបទក្តៅគគុក និងទទួលបានការរិះគន់យ៉ាងចាស់ដៃពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គម ក្រោយពីមានវីដេអូបែកធ្លាយជាច្រើនបង្ហាញពីសកម្មភាពមិនប្រក្រតី នៅទីតាំង “តារាងបាល់ទះ” មួយកន្លែង ក្នុងសង្កាត់ផ្សារដេប៉ូ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ នេះ។
ប្រភពដែលបានចែកចាយវីដេអូទាំងនោះ បានអះអាងថា ទីតាំងតារាងបាល់ទះដែលត្រូវបានគេស្គាល់ថាជារបស់ (ឧកញ៉ា លី ឈុនអ៊ូ) មិនមែនមានត្រឹមតែ ការលេងកីឡានោះទេ ប៉ុន្តែបានបង្កប់ទៅដោយល្បែងស៊ីសងខុសច្បាប់ ស្ទើរគ្រប់ប្រភេទ ដែលកំពុងដំណើរការយ៉ាងរលូនក្នុងភូមិសាស្ត្រ សង្កាត់ផ្សារដេប៉ូ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ជុំវិញភាពមិនប្រក្រតីនេះ មហាជនបានដាក់សំណួរចំៗទៅកាន់ លោកអធិការនគរបាលខណ្ឌ៧មករា ថា តើលោកពិតជាមិនបានជ្រាប ឬក៏មាន “ថ្នាំសណ្តំ” ប្រភេទណា ទើបបានជារក្សាភាពស្ងៀមស្ងាត់ បណ្តោយឱ្យទីតាំងល្បែងស៊ីសងខុសច្បាប់នេះ បន្តសកម្មភាពផ្គើននឹងច្បាប់ និងគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពបែបនេះ? ឆ្លើយតបនឹងក្តីបារម្ភនេះ ប្រជាពលរដ្ឋ និងមហាជន សូមគោរពស្នើសុំដល់ ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ មេត្តាជួយពិនិត្យ និងចាត់វិធានការស្រាវជ្រាវលើទីតាំងខាងលើដោយផ្ទាល់ ដើម្បីលុបបំបាត់ក្តីមន្ទិលរបស់ពលរដ្ឋ និងបង្ក្រាបរាល់ល្បែងស៊ីសង ដែលជាមេរោគបង្កឱ្យមានបទល្មើសផ្សេងៗនៅក្នុងសង្គម។
អង្គភាពសារព័ត៌មាន គេហទំព័រ ប្រម៉ាញ់ជាងដែនTV យើងខ្ញុំ ផ្សព្វផ្សាយនេះ ក្នុងគោលបំណងជាកញ្ចក់ឆ្លុះបញ្ចាំងពី តថភាពសង្គម និងក្នុងន័យស្ថាបនា ដើម្បីជម្រាបជូនថ្នាក់ដឹកនាំជួយពិនិត្យ និងរក្សាសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋតែប៉ុណ្ណោះ។ យើងខ្ញុំរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ ដើម្បីធានាបាននូវតុល្យភាពព័ត៌មាន និងវិជ្ជាជីវៈសារព័ត៌មាន។សម្រួលអត្ថបទ÷ដោយ លោក មុត ចិត្រា ប្រម៉ាញ់ជាយដែន

