ខេត្តបាត់ដំបង÷ ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុក សហការយ៉ាងជិតស្និទ្ធជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសន្តិភាព បានបើកប្រតិបត្តិការស្រាវជ្រាវ និងឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ភ្លាមៗ ករណីលួចកាត់ខ្សែភ្លើងប្រជាពលរដ្ឋមិនបានសម្រេច។
ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល ០៤:១០ ននាទីទៀបភ្លឺ ចំណុចមុខផ្ទះ ក្រុមទី០៥ ភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង
ជនរងគ្រោះ ឈ្មោះ ឃាង ប៊ុនធាង ភេទប្រុស អាយុ ៤០ ឆ្នាំ (រស់នៅភូមិ-ឃុំកើតហេតុ)
ជនសង្ស័យ ឈ្មោះ ម៉ុន ឆាវ ហៅ សុខ ភេទប្រុស អាយុ ២៦ ឆ្នាំ
មុនពេលកើតហេតុ ជនរងគ្រោះបានក្រោកពីដំណេកដើម្បីវាយម្សៅធ្វើនំ ស្រាប់តែមានករណីដាច់ចរន្តអគ្គិសនី។ ដោយមានការសង្ស័យ គាត់បានដើរចេញមកក្រៅផ្ទះពិនិត្យ មើល ក៏ប្រទះឃើញជនសង្ស័យឈ្មោះ ម៉ុន ឆាវ កំពុងធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងរបស់គាត់អស់ប្រវែងប្រហែល ៣០ ម៉ែត្រ នៅសល់មួយសរសៃទៀតមិនទាន់ដាច់។ ឃើញដូចនោះ ជនរងគ្រោះបានរាយការណ៍ជូនសមត្ថកិច្ចភ្លាមៗ។
ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម កម្លាំងសមត្ថកិច្ចដែលកំពុងល្បាតយ៉ាងសកម្ម បានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុយ៉ាងរហ័ស និងបានធ្វើការឃាត់ខ្លួនជនសង្ស័យបាននៅវេលាម៉ោង ០៤:៣០ នាទីព្រឹកនាថ្ងៃដដែល ដោយដកហូតបាន៖
១. កន្ត្រៃកាត់ដែកដងពណ៌ក្រហម ចំនួន ០១ ឧបករណ៍ធ្វើសកម្មភាព
២. ខ្សែភ្លើងដែលត្រូវគេកាត់ដាច់មួយកំណាត់ ប្រវែងប្រហែល ៣០ ម៉ែត្រ
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពឡើងកាត់ខ្សែភ្លើងរបស់ជនរងគ្រោះប្រាកដមែន។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកសំពៅលូន ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់។ កោតសរសើរចំពោះស្មារតីទទួលខុសត្រូវរបស់សមត្ថកិច្ចព្រឹត្តិការណ៍នេះ គឺជាសាក្សីបញ្ជាក់យ៉ាងច្បាស់ពីស្មារតីទទួលខុសត្រូវខ្ពស់ និងភាពរហ័សរហួនរបស់កម្លាំងនគរបាលស្រុកសំពៅលូន និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសន្តិភាព។ ទោះជាក្នុងវេលាអធ្រាត្រ ទៀបភ្លឺ ឬថ្ងៃឈប់សម្រាកយ៉ាងណាក៏ដោយ កម្លាំងសមត្ថកិច្ចនៅតែបន្តបេសកកម្មចុះល្បាត «ដូចភ្លៀងរលឹម» ដោយមិនខ្លាចនឿយហត់ ដើម្បីការពារសុខសុវត្ថិភាព ភូមិ-ឃុំ មានសុវត្ថិភាព និងរក្សាភាពកក់ក្តៅជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានជានិច្ច។សម្រួលអត្ថបទ÷ដោយ លោក ចិត្រា ប្រម៉ាញ់ជាយដែន


