ប៉ះចំប៉ូលីសពិត ក្រុមជនអន្តពាលពាក់ឯកសណ្ឋានប៉ូលីសក្លែងក្លាយ ស្ទាក់ធ្វើស៊ី មន្ត្រី ស៊យជាប់ខ្នោះភ្លាមៗ នៅខណ្ឌពោធិ៍សែនជ័យ

​ភ្នំពេញ÷អំពើល្មើសច្បាប់ដែលតែងតែដើរគំរាមកំហែង និងបង្កើតភាពភ័យខ្លាចដល់ប្រជាពលរដ្ឋស្លូតត្រង់តាមដងផ្លូវ ទីបំផុតត្រូវរលាយរលត់ទាំងអាប់យស បន្ទាប់ពីក្រុម «ប៉ូលីសក្លែងក្លាយ» មួយក្រុម បានប្រើល្បិចចាស់ស្ទាក់ឃាត់យានយន្ត បម្រុងធ្វើស៊ីជនរងគ្រោះ ប៉ុន្តែជាអកុសល បែរជាប៉ះចំមន្ត្រីនគរបាលពិតប្រាកដ ដែលជាលោកអធិការរងខណ្ឌម្នាក់ ធ្វើឲ្យផែនការបោកប្រាស់ត្រូវបរាជ័យយ៉ាងអស់ល័ក្ខ និងត្រូវសមត្ថកិច្ចក្របួចកបានចំនួន ៤នាក់ភ្លាមៗនៅកន្លែងកើតហេតុ។
​ហេតុការណ៍ចៃដន្យតែជារឿងពិតនេះ បានកើតឡើងកាលពីវេលាម៉ោង ១១យប់ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ នៅចំណុចផ្លូវបំបែកស្តុប២០០៤ កែងមហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ក្រុមជនសង្ស័យបានប្រើប្រាស់ឯកសណ្ឋានស្រដៀងនឹងមន្ត្រីនគរបាល និងប្រើប្រាស់វិធីសាស្ត្រកាងផ្លូវ ស្ទាក់ឃាត់យានយន្តរបស់អ្នកដំណើរនាពេលរាត្រី ដើម្បីគំរាមកំហែង បម្រុងជំរិតទារប្រាក់ ឬជម្រិតយកផលប្រយោជន៍ផ្សេងៗ ដោយរំពឹងថាជនរងគ្រោះនឹងមានការភ័យខ្លាច។
មតិរិះគន់ និងការឆ្លុះបញ្ចាំង សកម្មភាពដើរធ្វើជាមន្ត្រីអនុវត្តច្បាប់បែបនេះ មិនត្រឹមតែជាអំពើល្មើសច្បាប់ព្រហ្មទណ្ឌយ៉ាងធ្ងន់ធ្ងរប៉ុណ្ណោះទេ ប៉ុន្តែគឺជា «មហារីកសង្គម» ដែលបំផ្លាញសន្តិសុខសុវត្ថិភាពសង្គមយ៉ាងធ្ងន់ធ្ងរ។
១ .បំផ្លាញកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់កងកម្លាំងប្រដាប់អាវុធ ការយកឯកសណ្ឋាន ឬសម្ភារៈរដ្ឋមកប្រព្រឹត្តអំពើបោកប្រាស់ បានធ្វើឲ្យប្រជាពលរដ្ឋបាត់បង់ទំនុកចិត្តលើមន្ត្រីនគរបាលជាតិពិតប្រាកដ ដែលកំពុងលះបង់កម្លាំងកាយចិត្តការពារសន្តិសុខជូនប្រជាជន។
២ .បង្កើតភាពសង្ស័យ និងភ័យខ្លាចក្នុងសង្គម នៅពេលដែលពលរដ្ឋមិនអាចញែកដាច់រវាង «ប៉ូលីសពិត» និង «ប៉ូលីសក្លែងក្លាយ» វានឹងបង្កើតឲ្យមានការសង្ស័យ ការមិនសហការ និងការភ័យខ្លាចក្នុងការធ្វើដំណើរនាពេលរាត្រី ដែលប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ។
​ផ្អែកតាមក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា អំពើបន្លំខ្លួនជាមន្ត្រីសាធារណៈ ប្រើប្រាស់ឯកសណ្ឋាន ឬសញ្ញាសក្ដិដោយគ្មានសិទ្ធិ ត្រូវប្រឈមមុខនឹងទោសទណ្ឌយ៉ាងធ្ងន់ធ្ងរ រាប់ចាប់ពីការផ្តន្ទាទោសដាក់ពន្ធនាគារ និងពិន័យជាប្រាក់។ លើសពីនេះ ប្រសិនបើការប្រើប្រាស់ឯកសណ្ឋាននោះភ្ជាប់ជាមួយនឹងអំពើជំរិត ទារប្រាក់ ឬគំរាមកំហែង នោះទោសទណ្ឌនឹងត្រូវបន្ថែមទម្ងន់ទ្វេដង។
​ករណីនេះគឺជាសារព្រមានយ៉ាងក្តៅគគុកដល់បុគ្គលខិលពោលទាំងឡាយណាដែលប៉ងប្រព្រឹត្តសកម្មភាពបោកប្រាស់បែបនេះថា ច្បាប់នឹងមិនលើកលែងឲ្យឡើយ ហើយយុត្តិធម៌នឹងត្រូវចាត់ការដោយគ្មានការយោគយល់ឡើយ៕សម្រួលអត្ថបទ÷ដោយ លោក មុត ចិត្រា ប្រម៉ាញ់ជាយដែន