ខេត្តតាកែវ÷ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ និងខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការដឹកនាំផ្ទាល់ប្រកបដោយភាពចាស់ទុំ និងជំនាញខ្ពស់ពី លោកឧត្តមសេនីយ៍ឯក ង៉ែង ជួ
ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានសហការយ៉ាងស្និទ្ធស្នាលជាមួយស្នងការដ្ឋាននគរបាលខេត្តតាកែវ បង្ក្រាបបានជោគជ័យនូវករណីឃាតកម្មបាញ់ប្រហារយ៉ាងសាហាវឃោរឃៅដែលបានកើតឡើងនៅក្នុងស្រុកបាទី។
ប្រតិបត្តិការស្រាវជ្រាវយ៉ាងស្វិតស្វាញ និងលឿនរហ័សដូចផ្លេកបន្ទោរនេះ ដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដោយបានប្រើប្រាស់វិធានការជំនាញ និងនីតិវិធីយ៉ាងសុក្រឹត រហូតឈានទៅកំណត់អត្តសញ្ញាណ និងទីតាំងលាក់ខ្លួនរបស់ក្រុមជនសង្ស័យបានទាំងស្រុង។
គួររំឭកផងដែរថា កាលពីអធ្រាត្រថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល ០០៖៣០នាទី មានករណីឃាតកម្មមួយបានកើតឡើងនៅចំណុចភូមិត្រពាំងលើក ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ដោយក្រុមជនសង្ស័យបានប្រើប្រាស់អាវុធវែង (គ្រាប់ប្រភេទវ៉ាងឡុង) បាញ់ទៅលើជនរងគ្រោះឈ្មោះ គីម វិច្ឆិកា ភេទប្រុស អាយុ២១ឆ្នាំ បណ្តាលឱ្យស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័មក្រោយពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
តាមរយៈកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរ និងស្មារតីទទួលខុសត្រូវខ្ពស់របស់កម្លាំងសមត្ថកិច្ច៖ ថ្ងៃទី១៩ ខែ សីហាឆ្នាំ២០២៦ កម្លាំងជំនាញបានឈានទៅបំបែកសំណុំរឿង ដោយធ្វើការឃាត់ខ្លួនជនសង្ស័យមេខ្យល់ម្នាក់ឈ្មោះ ឈឹម ឌុន ភេទប្រុស អាយុ៣៤ឆ្នាំ នៅចំណុចសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ដោយញញើតនឹងសមត្ថកិច្ច និងគ្មានផ្លូវគេចវេះ បក្ខពួក២នាក់ទៀត រួមមានឈ្មោះ រី រតនា អាយុ១៦ឆ្នាំ និងឈ្មោះ សុភ័ក្ត ផាត់យ៉ា អាយុ២០ឆ្នាំ បានសម្រេចចិត្តចូលសារភាពកំហុសនៅអធិការដ្ឋាននគរបាលស្រុកបាទី។
នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន អាវុធវែងប្រើគ្រាប់វ៉ាងឡុង ១ដើម និងម៉ូតូ ១គ្រឿង (ម៉ាក Honda Dream FI ឆ្នាំ២០១២) ដែលក្រុមជនសង្ស័យបានយកទៅលាក់ទុក និងកប់នៅផ្ទះបក្ខពួកក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
នៅចំពោះមុខសមត្ថកិច្ច ក្រុមជនសង្ស័យបានសារភាពប្រហាក់ប្រហែលគ្នាថា ពួកខ្លួនពិតជាបានប្រើប្រាស់អាវុធវែងបាញ់ប្រហារលើជនរងគ្រោះពិតប្រាកដមែន ដោយសារទំនាស់ជិះម៉ូតូដេញវាយគ្នានៅលើផ្លូវ។
ស្នាដៃ និងលទ្ធផលដ៏ត្រចះត្រចង់ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសបានទាន់ពេលវេលានេះ បានស្តែងឱ្យឃើញយ៉ាងច្បាស់ពី ភាពប៉ិនប្រសប់ ស្មារតីម្ចាស់ការ និងការយកចិត្តទុកដាក់ខ្ពស់ បំផុតរបស់កម្លាំងនគរបាលជាតិក្នុងការថែរក្សាសន្តិសុខសុវត្ថិភាព និងភាពសុខសាន្តជូនប្រជាពលរដ្ឋ ព្រមទាំងផ្តល់យុត្តិធម៌ជូនគ្រួសារជនរងគ្រោះបានយ៉ាងឆាប់រហ័ស។
បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ រួមជាមួយវត្ថុតាង ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕សម្រួលអត្ថបទ ដោយលោក មុត ចិត្រា ប្រម៉ាញ់ជាយដែន


