បង្ក្រាបទាន់ហេតុការណ៍ អាវុធហត្ថខេត្តបន្ទាយមានជ័យជូនដំណឹងក្រុមក្មេងទំនើង ៧នាក់ កាត់លើមន្ត្រីយោធា ទៅកាន់តុលាការជាផ្លូវការ

ខេត្តបន្ទាយមានជ័យ÷​ប្រតិបត្តិការផ្លេកបន្ទោរ និងម៉ឺងម៉ាត់បំផុតរបស់កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបំបែកសំណុំរឿងក្តៅគគុកមួយ បន្ទាប់ពីក្រុមក្មេងទំនើងអនាធិបតេយ្យចំនួន ៧នាក់ ត្រូវបង្រ្កាប និងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ នេះ ដើម្បីទទួលទោសទណ្ឌតាមច្បាប់ជាធរមាន។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២១:៣០នាទី យប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ នៅលើកំណាត់ផ្លូវកៅស៊ូ ក្នុងភូមិកក់ ឃុំជប់វារី ស្រុកព្រះនេត្រព្រះ។ ក្រោមការបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ត្រី ស៊ិន រ៉ាស៊ី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រះនេត្រព្រះ ដោយសហការយ៉ាងស្ជិតស្ជិតជាមួយកម្លាំងកងពលតូចថ្មើរជើងលេខ៥១ កម្លាំងល្បាតបានស្ទាក់ និងឃាត់ខ្លួនក្រុមជនសង្ស័យភ្លាមៗ បន្ទាប់ពីពួកគេបានធ្វើសកម្មភាពជិះម៉ូតូប្រដាប់ដោយកាំបិតខ្វែវ ដេញកាប់លើមន្ត្រីយោធាកំពុងបំពេញភារកិច្ចល្បាតការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។ ជនសង្ស័យនិងវត្ថុតាងដើរដកហូបបានរួមមាន÷
​ជនសង្ស័យទាំង៧នាក់
១-ឈ្មោះ សុខា សុខន ១៦ឆ្នាំ
២-ឈ្មោះ សុទ្ធ គឹមសៀង ២០ឆ្នាំ
៣-ឈ្មោះ រួន រ៉ុង ២០ឆ្នាំ
៤-ឈ្មោះ តូ ស៊ីនាង ហៅលីង ២២ឆ្នាំ
៥-ឈ្មោះ ហឿន រ៉ា ២២ឆ្នាំ
៦-ឈ្មោះ កួយ ធិង ២០ឆ្នាំ)
និង ៧-ឈ្មោះ ឈឿត ឆេន ហៅម៉ាន់ ១៥ឆ្នាំ។
វត្ថុតាងដើរដករហូតបានរួមមាន÷កាំបិតខ្វែវ ០១ដើម, ម៉ូតូ ០៣គ្រឿង និងលទ្ធផលតេស្តទឹកនោមរកឃើញសារធាតុញៀន (+) លើឈ្មោះ ឈឿត ឆេន។
ជនសង្ស័យបានសម្រេចសារភាពកំហុសទាំងស្រុងថា ពួកខ្លួនពិតជាបានប្រើប្រាស់អាវុធមុខស្រួច (កាំបិតខ្វែវ) ប៉ុនប៉ងប្រព្រឹត្តអំពើហិង្សាលើមន្ត្រីយោធាពិតប្រាកដមែន។
ជោគជ័យនៃប្រតិបត្តិការបង្ក្រាបបទល្មើសយ៉ាងឆាប់រហ័សនេះ ស្ដែងឲ្យឃើញយ៉ាងច្បាស់ពីស្មារតីប្រុងប្រយ័ត្នខ្ពស់ និងភាពរហ័សរហួនរបស់កម្លាំងអាវុធហត្ថ។ លោកវរសេនីយ៍ទោ ព្រហ្មថេងប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានគូសបញ្ជាក់ថា ប្រតិបត្តិការដ៏មានប្រសិទ្ធភាពនេះ រលូនទៅបានដោយសារមានការចង្អុលបង្ហាញ និងអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីលោកឧត្តមសេនីយ៍ត្រី នោម ប៊ិនមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ព្រមទាំងមានការសម្របសម្រួលនីតិវិធីយ៉ាងប៉ិនប្រសប់ពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត។
​សកម្មភាពបង្ក្រាបទាន់ពេលវេលានេះ មិនត្រឹមតែជាការការពារបូរណភាព និងកិត្តិយសរបស់កងកម្លាំងប្រដាប់អាវុធដែលកំពុងបំពេញបេសកកម្មយាមកាមក្បាលព្រលប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសារព្រមានយ៉ាងធ្ងន់ធ្ងរដល់ក្រុមក្មេងទំនើងដែលប៉ងបំពានច្បាប់ និងបំផ្លាញសន្តិសុខសង្គម។ ស្នាដៃដ៏ឆ្នើមរបស់កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ត្រូវបានប្រជាពលរដ្ឋសម្តែងការកោតសរសើរ និងគាំទ្រយ៉ាងពេញទំហឹង ក្នុងការរក្សាភាពសុខសាន្តជូនសង្គមជាតិ។សម្រួលអត្ថបទ ដោយ លោក មុត ចិត្រា ប្រម៉ាញ់ជាយដែន