សមត្ថកិច្ចស្រុកចន្ទ្រាបង្ក្រាបទីតាំងលួចកែច្នៃនិងជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ រឹបអូសបានថ្នាំញៀនជាង ១គីឡូក្រាមនិងអាវុធ

​ខេត្តស្វាយរៀង÷ ផ្អែកតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្ដម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង ព្រមទាំងមានការដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត កម្លាំងនគរបាលស្រុកចន្ទ្រាបានបើកប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀន និងអាវុធខុសច្បាប់យ៉ាងមានប្រសិទ្ធភាព។
​កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ លោកវរសេនីយ៍ទោ ជិន សុភឿន អធិការនគរបាលស្រុកចន្ទ្រា បានដឹកនាំកម្លាំងជំនាញ សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក និងមានការសម្របសម្រួលផ្នែកច្បាប់ពី ឯកឧត្ដម ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង បានចុះពិនិត្យរដ្ឋបាល និងបង្ក្រាបទីតាំងលួចលាក់កែច្នៃ ជួញដូរ រក្សាទុក និងប្រើប្រាស់សារធាតុញៀនខុសច្បាប់ ព្រមទាំងការកាន់កាប់អាវុធអាម៉ែតដោយគ្មានការអនុញ្ញាត ស្ថិតនៅភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា។
​ក្នុងប្រតិបត្តិការដ៏ឆ្នើមនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ (ក្នុងនោះមានស្រី ០១នាក់ ជាជនជាតិវៀតណាម) ព្រមទាំងដកហូតវត្ថុតាងរួមមាន៖
សារធាតុញៀនសរុប៖ ទម្ងន់ ១,២៨៧.៥ ក្រាម (មេតំហ្វេតាមីន ១,០៦៦.៣៨ ក្រាម, អ៊ុចស្តាស៊ី ២១២.៥ ក្រាម, កេតាមីន ៨.៦២ ក្រាម និងកញ្ឆាក្រៀម ២០.៥ ក្រាម)
អាវុធនិងគ្រាប់ អាវុធខ្លីចំនួន ០២ដើម និងគ្រាប់ចំនួន ០៦គ្រាប់
សម្ភារៈពាក់ព័ន្ធ​ ទូរស័ព្ទដៃ ០២គ្រឿង, ជញ្ជីងថ្លឹងថ្នាំញៀន ០១គ្រឿង និងឧបករណ៍កែច្នៃ/ប្រើប្រាស់មួយចំនួនទៀត។
​ស្នាដៃ និងលទ្ធផលដ៏ត្រចះត្រចង់នេះ បានស្តែងឱ្យឃើញយ៉ាងច្បាស់ពីស្មារតីទទួលខុសត្រូវខ្ពស់ ការយកចិត្តទុកដាក់ និងភាពវៃឆ្លាតរបស់កម្លាំងអធិការដ្ឋាននគរបាលស្រុកចន្ទ្រា ក្រោមការតម្រង់ទិសយ៉ាងម៉ឺងម៉ាត់ពីថ្នាក់ដឹកនាំខេត្ត និងអគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងការលុបបំបាត់បទល្មើសគ្រឿងញៀន និងអាវុធខុសច្បាប់ ដើម្បីធានាសន្តិសុខ សុវត្ថិភាព និងភាពសុខសាន្តជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
​បច្ចុប្បន្ន ជនសង្ស័យទាំង ០២នាក់ ព្រមទាំងវត្ថុតាងទាំងអស់ ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តស្វាយរៀង ដើម្បីចាត់ការតាមនីតិវិធីច្បាប់ជាធរមាន។ សម្រួលអត្ថបទដោយ លោក មុត ចិត្រា ប្រម៉ាញ់ជាយដែន