ខេត្តបន្ទាយមានជ័យ÷ក្រោមការអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ និងការចង្អុលបង្ហាញផ្ទាល់ពីសំណាក់ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលជំនាញបានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនដោយជោគជ័យ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦។ សសកម្មភាពបង្ក្រាបនិងការឃាត់ខ្លួន កិច្ចប្រតិបត្តិការដ៏សកម្មនេះ ដឹកនាំដោយ លោកវរៈសេនីយ៍ត្រី ធិន សិន ដេត ស្នងការរងផែនការងារនគរបាលប្រឆាំងគ្រឿងញៀន ដោយមានការសហការយ៉ាងស្អិតរមួតជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់អូរជ្រៅ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត។ កម្លាំងជំនាញបានចុះឆែកឆេរទីតាំងបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត និងបានឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ (ប្រុស ២នាក់ និងស្រី ១នាក់) រួមមាន៖
១. ឈ្មោះ សួន ឃុន (ខ្មែរ) ភេទប្រុស អាយុ ៣៩ឆ្នាំ។
២. ឈ្មោះ ភិក ប៉ោង (ថៃ) ភេទប្រុស អាយុ ៤១ឆ្នាំ។
៣. ឈ្មោះ អា យ៉ាន ម៉ានី (ថៃ) ភេទស្រី អាយុ ២៧ឆ្នាំ។
នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងពាក់ព័ន្ធមួយចំនួនធំ រួមមាន៖
ម្សៅម៉ត់ពណ៌ស ចំនួន ០៤កញ្ចប់។
ថ្នាំកញ្ចប់ពណ៌ស (រូបសេះ) ចំនួន ០១កញ្ចប់។
ក្បាលបារីអេឡិចត្រូនិក (Vape) ចំនួន ១៨គ្រឿង។
ជញ្ជីងថ្លឹងគ្រឿងញៀន និងឧបករណ៍វេចខ្ចប់មួយចំនួន។
ទូរស័ព្ទដៃ ០២គ្រឿង, លិខិតឆ្លងដែន និងអត្តសញ្ញាណប័ណ្ណសញ្ជាតិថៃ។
ការកោតសរសើរចំពោះស្មារទទួលខុសត្រូវ
ជោគជ័យនៃប្រតិបត្តិការនេះ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ពី ភាពឆ្លាតវៃ និងការប្ដេជ្ញាចិត្តខ្ពស់ របស់កងកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ ក្នុងការលុបបំបាត់បទល្មើសគ្រឿងញៀនតាមបន្ទាត់ព្រំដែន។ សកម្មភាពបង្ក្រាបទាន់ពេលវេលានេះ មិនត្រឹមតែជួយពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការការពារយុវជន និងសង្គមជាតិឱ្យចៀសឆ្ងាយពីគ្រោះថ្នាក់នៃគ្រឿងញៀន ស្របតាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព។
បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ជាធរមាន៕
សម្រួលអត្ថបទ÷ដោយ លោក មុត ចិត្រា ប្រម៉ាញ់ជាយដែន

