ខេត្តប៉ៃលិន÷ក្នុងស្មារតីសង្គ្រោះ និងយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាស្រុកសាលាក្រៅ បានរៀបចំពិធីសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនដល់ប្រជាពលរដ្ឋចំនួន ២២គ្រួសារ ដែលបានរងគ្រោះដោយសារមហន្តរាយធម្មជាតិ (ខ្យល់កន្ត្រាក់) ស្ថិតក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ពិធីនេះត្រូវបានរៀបចំឡើងតាមការណែនាំដ៏ខ្ពង់ខ្ពស់ពី លោកជំទាវ បណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខា និងជាអភិបាលខេត្តប៉ៃលិន ដោយមានការអញ្ជើញចូលរួមជាអធិបតីភាពពី៖ ឯកឧត្តម ជា ចាន់ឌិនប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវ ពៅ សុខ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា លោក សៀ សុខុម អភិបាលស្រុកសាលាក្រៅ និងជាប្រធានកិត្តិយសអនុសាខា ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
ទំហំនៃការខូចខាតនិងការឆ្លើយតប តាមរបាយការណ៍ គ្រួសាររងគ្រោះទាំង ២២គ្រួសារ មកពីភូមិចំនួន៦ ក្នុងឃុំស្ទឹងត្រង់ ដែលក្នុងនោះរួមមាន៖ ផ្ទះរលំទាំងស្រុង÷ចំនួន ០១ខ្នង (០១គ្រួសារ) ផ្ទះរបើកដំបូល÷ ចំនួន ២១ខ្នង (២១គ្រួសារ) ក្នុងឱកាសនោះ ឯកឧត្តម និងលោកជំទាវថ្នាក់ដឹកនាំ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខប្រកបដោយសេចក្ដីអាណិតអាសូរពីសំណាក់ សម្ដេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប “ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយឡើយ”។
ការផ្ដល់ជំនួយឧបត្ថម្ភដើម្បីជួយសម្រាលការលំបាកភ្លាមៗ គ្រួសារនីមួយៗទទួលបានអំណោយ រួមមាន៖ ស្បៀងអាហារ អង្ករ ២៥គីឡូក្រាម, មី ១កេស, ទឹកត្រី ១យួរ, ទឹកបរិសុទ្ធ ២យួរ។ ស័ង្កសីសរុបចំនួន ២៤៣ សន្លឹក (បែងចែកតាមទំហំការខូចខាតជាក់ស្ដែង)។ ទទួលបានថវិកាលើកទឹកចិត្តមួយចំនួនបន្ថែមទៀត។
ក្រៅពីការផ្តល់អំណោយ ថ្នាក់ដឹកនាំក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិ និងត្រូវមើលថែទាំសុខភាពឱ្យបានល្អ ជាពិសេសកុមារតូចៗ។ ប្រសិនបើមានបញ្ហាសុខភាពមិនប្រក្រតី ត្រូវប្រញាប់ទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុតដើម្បីព្យាបាលឱ្យទាន់ពេលវេលា។
សកម្មភាពដ៏រហ័សរហូតហ្នឹងសុខរកធម៌របស់អាជ្ញាធរខេត្តប៉ៃលិ និងក្រុមការងារកាកបាទក្រហម ក្រោមការដឹកនាំរបស់លោកជំទាវបណ្ឌិត បាន ស្រីមុំ ពិតជាបានសបញ្ជាក់ឱ្យឃើញពីវិជ្ជាជីវៈខ្ពស់ និងទឹកចិត្តស្រឡាញ់ប្រជាពលរដ្ឋយ៉ាងពិតប្រាកដ ដែលជាបង្អែកដ៏កក់ក្ដៅបំផុតសម្រាប់ពលរដ្ឋនៅពេលជួបគ្រោះអាសន្ន។ ដោយ លោក ស សារឿន

