ខេត្តបន្ទាយមានជ័យ÷ កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបញ្ជូនក្រុមជនសង្ស័យជនជាតិវៀតណាមចំនួន ៦នាក់ ទៅកាន់សាលាដំបូងខេត្ត នៅរសៀលថ្ងៃចន្ទ ទី២០ ខែមេសា ឆ្នាំ២០២៦នេះ ដើម្បីផ្ដន្ទាទោសតាមច្បាប់ ក្រោយរកឃើញកំហុសពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងការចែកចាយគ្រឿងញៀនយ៉ាងសន្ធឹកសន្ធាប់។
កិច្ចប្រតិបត្តិការនេះបានធ្វើឡើងបន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះ ឡា ត្រុង ញ៉ាន់ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិវៀតណាម ដែលត្រូវបានក្រុមជនសង្ស័យព្រួតគ្នាប្រើហិង្សាយ៉ាងសាហាវ កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត។
ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី នោម ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលពីឯកឧត្តម
កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកអនុសេនីយ៍ឯក តិក តៃលីវមេបញ្ជាការអាវុធហត្ថក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង ៦នាក់ នៅថ្ងៃទី១៩ ខែមេសា ក្នុងផ្ទះល្វែងមួយកន្លែងនាភូមិមិត្តភាព។
អត្តសញ្ញាណជនសង្ស័យទាំង ៦ ននាក់
១.ង្វៀន ទួនគៀតភេទប្រុស អាយុ ២៦ឆ្នាំ ២.វ៉េង ថឹងប៊ិនខាងប៊ិន ភេទប្រុស អាយុ ២២ឆ្នាំ
៣.ឡេ យុាំងវឹក ភេទប្រុស អាយុ ២៤ឆ្នាំ
៤.ទ្រឿង ថាញ់ទុង
ហៅហ្វី ភេទប្រុស អាយុ ២៣ឆ្នាំ
៥.ឈ្មោះ វែង តឹងតាយ ភេទប្រុស អាយុ ២៥ឆ្នាំ
៦.ប៊ូយ វីកខាន់ ភេទប្រុស អាយុ ២៣ឆ្នាំ
វត្ថុតាងដែលសមត្ថកិច្ចជំនាញដកហូតបាន
ក្រៅពីការឃាត់ខ្លួនមនុស្ស កម្លាំងជំនាញបានដកហូតសម្ភារៈបទល្មើសជាច្រើនរួមមាន៖កាំបិតបត់ចំនួន ០១ដើម។
គ្រឿងញៀន ÷ម្សៅសសង្ស័យជាសារធាតុផ្សំ ៧៥កញ្ចប់, ថ្នាំគ្រាប់ពណ៌បៃតង
“JNW”០៩គ្រាប់, ម្សៅរូបសេះ ៥៨កញ្ចប់ និងទឹកថ្នាំពណ៌លឿង ០៣បន្ទះ។
សម្ភារៈសេពនិងវេចខ្ចប់÷ បំពង់វែប (Vape) ៥៦៤គ្រឿង, ក្បាលវែប ១៣ថង់ធំ, ជញ្ជីងថ្លឹងគ្រឿងញៀន ០២គ្រឿង, និងម៉ាស៊ីនគៀបថង់សម្រាប់វេចខ្ចប់ ០២គ្រឿង រួមនឹងសម្ភារៈមួយចំនួនទៀត។
តាមការបញ្ជាក់ពីលោកវរសេនីយ៍ទោ ព្រហ្មថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស ជនសង្ស័យបានឆ្លើយសារភាពថា ពួកគេពិតជាបានប្រព្រឹត្តអំពើហិង្សា និងពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនពិតប្រាកដមែន។ បច្ចុប្បន្ន សំណុំរឿង និងជនសង្ស័យត្រូវបានបញ្ជូនទៅដល់ដៃតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ជាធរមាន៕សម្រួលអត្ថបទ÷ដោយ លោកមុត ចិត្រា ប្រម៉ាញ់ជាយដែន

