លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការសំណេះ សំណាល និងដាក់ទិសដៅការងារដល់និស្សិតនគរបាល ទើបបញ្ចប់ការសិក្សាដើម្បីពង្រឹងប្រសិទ្ធភាព ការងារក្នុងខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ÷នារសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ នៅសាលប្រជុំ (ខ) នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យលោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីចំនួន ១២រូប ដែលទើបតែបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រពីសាលាបណ្ឌិត្យសភានគរបាលជាតិកម្ពុជា។ អមដំណើរក្នុងពិធីនេះ ក៏មានការចូលរួមពីលោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរងទទួលផែនការងារធនធានមនុស្សនិងលោកវរសេនីយ៍ឯក ឱនរិន្ទ នាយការិយាល័យបុគ្គលិក ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។ ក្នុងឱកាសដ៏រំភើបនោះ លោកឧត្ដមសេនីយ៍ត្រីស្នងការ បានមានប្រសាសន៍កោតសរសើរដោយស្មោះចំពោះការខិតខំប្រឹងប្រែងសិក្សារៀនសូត្ររបស់ប្អូនៗនិស្សិតទាំងពីរភេទ រហូតទទួលបានជោគជ័យ និងបញ្ចប់វគ្គសិក្សាជាស្ថាពរ។ លោកបានចាត់ទុកធនធានមនុស្សថ្មីទាំងនេះថា ជាកម្លាំងចលករដ៏សំខាន់ក្នុងការចូលរួមចំណែកការពារសន្តិសុខ និងសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ។ ដើម្បីឱ្យការអនុវត្តការងារទទួលបានលទ្ធផលខ្ពស់ លោកស្នងការបានផ្តល់អនុសាសន៍ណែនាំដល់ផែនការងារធនធានមនុស្ស និងការិយាល័យបុគ្គលិក ត្រូវពិនិត្យ និងបែងចែកតួនាទីភារកិច្ចដល់និស្សិតទាំង ១២រូប ឱ្យស្របទៅតាមមុខវិជ្ជា និងជំនាញឯកទេសដែលពួកគេបានសិក្សានៅសាលាកន្លងមក។ ការធ្វើបែបនេះ គឺដើម្បីធានាថា “មនុស្សត្រូវនឹងការងារ” សំដៅបង្កើនប្រសិទ្ធភាពក្នុងអង្គភាព។ Read more










