ថ្មី! ឯកឧត្តម បណ្ឌិត ប៉ាន់ ខែម ប៊ុនថន ចុះពិនិត្យនិងជំរុញការកែលម្អ សួនច្បារ តេជោឈ្នះឈ្នះ ឲ្យកាន់តែមាន សោភ័ណភាព

​ខេត្តបន្ទាយមានជ័យ÷ នៅថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ប៉ាន់ ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្ដេចធិបតីនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងប៉ោយប៉ែត អមដំណើរដោយ លោក គាតហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត រួមជាមួយក្រុមការងារបច្ចេកទេស បានចុះពិនិត្យផ្ទាល់ស្ថានភាពសួនច្បារប៉ោយប៉ែត តេ ជោ ឈ្នះ ឈ្នះ ដើម្បីត្រៀមរៀបចំផែនការកែលម្អបន្ថែមឱ្យកាន់តែមានភាពទាក់ទាញ។

​គួររំលឹកផងដែរថា កាលពីមុន តំបន់សួនច្បារនេះគឺជាទីតាំងមិនរៀបរយ ដែលសម្បូរទៅដោយសំណង់អនាធិបតេយ្យសាងសង់លើចំណីផ្លូវជាតិលេខ៥ និងដីចំណីផ្លូវរថភ្លើង។ ប៉ុន្តែក្រោមការដឹកនាំ និងការដោះស្រាយប្រកបដោយប្រសិទ្ធភាពពីសំណាក់ ឯកឧត្តមបណ្ឌិត ប៉ាន់ ខែម ប៊ុនថន តំបន់នេះត្រូវបានប្រែក្លាយទៅជាសួនច្បារសាធារណៈដ៏ស្រស់ស្អាត ក្រោមឈ្មោះថា សួនច្បារប៉ោយប៉ែត តេ ជោ ឈ្នះឈ្នះ ដែលជាមោទនភាពថ្មីសម្រាប់ប្រជាពលរដ្ឋក្នុងក្រុងជាប់ព្រំដែនមួយនេះ។
សកម្មភាពសំខាន់ៗ ក្នុងបេសកកម្មចុះពិនិត្យផ្ទាល ការអប់រំ និងផ្សព្វផ្សាយ
​ឯកឧត្តមបណ្ឌិត និងក្រុមការងារ បានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវជាតិលេខ៥ និងក្បែរផ្លូវរថភ្លើង ដើម្បីពន្យល់ពីបញ្ហាសុវត្ថិភាព ការរក្សាអនាម័យបរិស្ថាន និងការចូលរួមថែរក្សាសម្បត្តិសាធារណៈ។
​ក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្តមបណ្ឌិតផ្ទាល់ និងមានការគាំទ្រពីសប្បុរសជន ក៏ដូចជាអាជីវករក្នុងក្រុងប៉ោយប៉ែត សួនច្បារនេះនឹងត្រូវបំពាក់បន្ថែមនូវឧបករណ៍ហាត់ប្រាណទំនើបៗ និងបង្កើតកន្លែងកម្សាន្តបន្ថែមទៀត។
កិច្ចសហការ រវាងអាជ្ញាធរ និងពលរដ្ឋ
ឯកឧត្តមបានបញ្ជាក់ថា ការលើកកម្ពស់សោភ័ណភាពទីក្រុង មិនមែនជាតួនាទីរបស់អាជ្ញាធរតែម្ខាងនោះទេ គឺទាមទារឱ្យមានការចូលរួមចំណែកយ៉ាងសកម្មពីបងប្អូនប្រជាពលរដ្ឋគ្រប់រូប។
​បេសកកម្មនេះ មិនត្រឹមតែបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំចំពោះសុខុមាលភាពសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសញ្ញាណវិជ្ជមានក្នុងការជំរុញឱ្យក្រុងប៉ោយប៉ែត ក្លាយជាទីក្រុងដែលគួរឱ្យចង់រស់នៅ មានសណ្តាប់ធ្នាប់ និងមានសោភ័ណភាពស្រស់បំព្រង សមជានិមិត្តរូបនៃច្រកទ្វារសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជា៕
ដោយ មុត ចិត្រា ប្រម៉ាញ់ជាយដែន