លោក ឧត្តមសេនីយ៍ទោ សោម ស៊ុនមេបញ្ជាការ ពង្រឹងស្មារតីកងទ័ពខេត្ត ឲ្យត្រៀមលក្ខណៈការពារ បូរណភាពទឹកដីក្នុងបរិបទថ្មី

​ខេត្តកំពង់ធំ÷នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុនមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គអប់រំចិត្តសាស្ត្រ និងផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ជូនដល់នាយទាហាន នាយទាហានរង និងពលទាហានទូទាំងបញ្ជាការដ្ឋាន។

លោកមេបញ្ជាការបានលើកឡើងពីបញ្ហាប្រឈមនៅខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ដែលភាគីថៃបានរំលោភលើកិច្ចព្រមព្រៀងនៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) តាមរយៈការដាក់ទូកុងតឺន័រ និងជីកប្រឡាយឯកតោភាគី ដែលផ្ទុយពីស្មារតីនៃកិច្ចប្រជុំកាលពីចុងឆ្នាំ២០២៥។ការពង្រឹងវិន័យនិងភក្តីភាព÷ យោធិនទាំងអស់ត្រូវបានណែនាំឱ្យគោរពច្បាប់លក្ខន្តិកៈកងយោធពលខេមរភូមិន្ទ និងបទបញ្ជារបស់រាជរដ្ឋាភិបាលយ៉ាងម៉ឺងម៉ាត់ ជាពិសេសត្រូវជឿជាក់លើការដឹកនាំរបស់សម្ដេច តេជោហ៊ុនសែន និងសម្ដេចធិបតីហ៊ុនម៉ាណែត ​ឧត្តមសេនីយ៍ត្រី ង៉ាង ស មេបញ្ជាការរង បានឧទ្ទេសនាមអំពីវិធានការពង្រឹងវិន័យ និងលំហាត់របៀប ដើម្បីលើកកម្ពស់សមត្ថភាព និងសីលធម៌កងទ័ពឱ្យស្របតាមបរិបទវិវត្តន៍នៃសន្តិសុខតំបន់ និងសកលលោក។
​តាមរយៈវគ្គសិក្សានេះ កងទ័ពក្នុងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្តេជ្ញាចិត្តការពារជាតិ សាសនា ព្រះមហាក្សត្រ និងបូរណភាពទឹកដីដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិជាធរមាន។
ដោយមុតចិត្រា ប្រម៉ាញ់ជាយដែន