ខេត្តបន្ទាយមានជ័យ÷នារសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ នៅសាលប្រជុំ (ខ) នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យលោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីចំនួន ១២រូប ដែលទើបតែបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រពីសាលាបណ្ឌិត្យសភានគរបាលជាតិកម្ពុជា។
អមដំណើរក្នុងពិធីនេះ ក៏មានការចូលរួមពីលោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរងទទួលផែនការងារធនធានមនុស្សនិងលោកវរសេនីយ៍ឯក ឱនរិន្ទ នាយការិយាល័យបុគ្គលិក ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។ ក្នុងឱកាសដ៏រំភើបនោះ លោកឧត្ដមសេនីយ៍ត្រីស្នងការ បានមានប្រសាសន៍កោតសរសើរដោយស្មោះចំពោះការខិតខំប្រឹងប្រែងសិក្សារៀនសូត្ររបស់ប្អូនៗនិស្សិតទាំងពីរភេទ រហូតទទួលបានជោគជ័យ និងបញ្ចប់វគ្គសិក្សាជាស្ថាពរ។ លោកបានចាត់ទុកធនធានមនុស្សថ្មីទាំងនេះថា ជាកម្លាំងចលករដ៏សំខាន់ក្នុងការចូលរួមចំណែកការពារសន្តិសុខ និងសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ។
ដើម្បីឱ្យការអនុវត្តការងារទទួលបានលទ្ធផលខ្ពស់ លោកស្នងការបានផ្តល់អនុសាសន៍ណែនាំដល់ផែនការងារធនធានមនុស្ស និងការិយាល័យបុគ្គលិក ត្រូវពិនិត្យ និងបែងចែកតួនាទីភារកិច្ចដល់និស្សិតទាំង ១២រូប ឱ្យស្របទៅតាមមុខវិជ្ជា និងជំនាញឯកទេសដែលពួកគេបានសិក្សានៅសាលាកន្លងមក។ ការធ្វើបែបនេះ គឺដើម្បីធានាថា “មនុស្សត្រូវនឹងការងារ” សំដៅបង្កើនប្រសិទ្ធភាពក្នុងអង្គភាព។
ជាកិច្ចបញ្ចប់ លោកឧត្ដមសេនីយ៍ត្រី សឿម សារិទ្ធ បានផ្ដាំផ្ញើដល់ប្អូនៗនិស្សិតទាំងអស់នូវចំណុចសំខាន់ៗចំនួន ២៖
១. ត្រូវយកចំណេះដឹងដែលបានរៀនសូត្រ មកអនុវត្តក្នុងការងារជាក់ស្ដែងឱ្យអស់ពីសមត្ថភាព។
២. ត្រូវប្រកាន់ខ្ជាប់នូវវិន័យរបស់កងកម្លាំងនគរបាលជាតិឱ្យបានខ្ជាប់ខ្ជួនបំផុត ដើម្បីក្លាយជាមន្ត្រីគំរូ និងជាទីពឹងរបស់ប្រជាពលរដ្ឋ។ដោយ មុត ចិត្រា ប្រម៉ាញ់ជាយដែន

