គ្រោះអគ្គីភ័យឆេះផ្ទះមួយខ្នងនៅក្រុងបាត់ដំបងបង្ករឡើងដោយ កូន ប្រុសបែកថ្នាំ ដុតផ្ទះខ្លួនឯង

ខេត្តបាត់ដំបង÷ មានការភ្ញាក់ផ្អើលមួយបានកើតឡើង កាលពីវេលាម៉ោង ២:៣០ នាទីរសៀល ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ ស្ថិតនៅចំណុចក្រុមទី១២ ភូមិបាល័ង្គ សង្កាត់វត្តគរ ក្រុងបាត់ដំបង បន្ទាប់ពីបុរសម្នាក់ដែលគេស្គាល់ថាជាអ្នកប្រើប្រាស់គ្រឿងញៀន បានដុតផ្ទះខ្លួនឯងបណ្តាលឱ្យខូចខាតទាំងស្រុង។ ​យោងតាមរបាយការណ៍ពីសមត្ថកិច្ច ជនបង្កមានឈ្មោះ ផល( ហៅទត)ភេទប្រុស បានធ្វើសកម្មភាពដុតផ្ទះដែលជាជម្រកស្នាក់នៅជាមួយម្តាយបង្កើតឈ្មោះ ចាន់ ចេង។

មូលហេតុនៃទង្វើអមនុស្សធម៌នេះ ត្រូវបានសន្និដ្ឋានថា បណ្តាលមកពីជនបង្កមានសភាព បែកថ្នាំ (ប្រើប្រាស់សារធាតុញៀនហួសកម្រិត) រហូតបាត់បង់ម្ចាស់ការលើខ្លួនឯង។ ផ្ទះសង់ផ្ទាល់ដី ទំហំ ៤ម៉ែត្រ x ១២ម៉ែត្រ គ្រោងដែក ដំបូលស័ង្កសី។ ​ឆេះបំផ្លាញផ្ទះទាំងស្រុង រួមទាំងសម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួនធំ។ ​

ទំហំទឹកប្រាក់៖ តាមការប៉ាន់ស្មានបឋម ការខូចខាតមានតម្លៃប្រមាណ៥០០ដុល្លារ។ ​នៅក្នុងប្រតិបត្តិការសង្គ្រោះនេះ កម្លាំងការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យចំនួន ០៣ គ្រឿង ចុះទៅដល់ទីតាំងភ្លាមៗ។ ទោះជាយ៉ាងណា ដោយមានការអន្តរាគមន៍យ៉ាងសស្រាក់សស្រាំពីសំណាក់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋនៅក្បែរខាង ភ្លើងត្រូវបានគ្រប់គ្រង និងពន្លត់បានទាន់ពេលវេលា ទើបមិនមានការរីករាលដាលឆេះឆ្លងទៅដល់ផ្ទះអ្នកជិតខាងឡើយ។ ​បច្ចុប្បន្ន ជនបង្កត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដើម្បីបន្តនីតិវិធីទៅតាមផ្លូវច្បាប់។ ករណីនេះបានសបញ្ជាក់ឱ្យឃើញកាន់តែច្បាស់ពីផលប៉ះពាល់ដ៏ធ្ងន់ធ្ងរនៃគ្រឿងញៀន ដែលមិនត្រឹមតែបំផ្លាញសុខភាពអ្នកប្រើប្រាស់ ប៉ុន្តែថែមទាំងបំផ្លាញទ្រព្យសម្បត្តិ និងក្តីសុខក្នុងគ្រួសារថែមទៀតផង៕ ដោយ មុតចិត្រា ប្រម៉ាញ់ជាយដែន