លោកជំទាវ ពៅ សុខ ដឹកនាំយុទ្ធនាការអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោកក្នុងខេត្តប៉ៃលិនដើម្បីត្រៀមអបអរសាទរបុណ្យចូលឆ្នាំថ្មី

​ខេត្តប៉ៃលិន÷នាថ្ងៃសុក្រ ១រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ លោកជំទាវ ពៅ សុខ អនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន បានដឹកនាំក្រុមការងារ រួមមានសមាជិកគណៈកម្មាធិការសាខា មន្ត្រីប្រតិបត្តិ និងអ្នកស្ម័គ្រចិត្តសរុបចំនួន ១៨នាក់ ចុះអនុវត្តយុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពី ការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក ​សកម្មភាពនេះត្រូវបានធ្វើឡើងក្រោមការសហការយ៉ាងស្អិតរមួតជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិន ព្រមទាំងមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក ក្នុងគោលដៅសំខាន់ចំនួន ២ គឺ៖ ​គោលដៅទី១៖ នៅខាងមុខអាស្រមលោកយាយយ៉ាត។ គោលដៅទី២៖ នៅខាងមុខផ្សារសាលាក្រៅ ​ក្នុងយុទ្ធនាការដ៏មានសារៈសំខាន់នេះ ក្រុមការងារបានចូលរួមចំណែកយ៉ាងសកម្មក្នុងការចែកជូននូវសម្ភារអប់រំ និងឧបករណ៍ការពារសុវត្ថិភាពដល់ប្រជាពលរដ្ឋចំនួន ១៣៦នាក់ (ស្រី ៨៥នាក់) រួមមាន៖មួកសុវត្ថិភាព៖ ចំនួន ១៣៦ មួក បិទស្ទីគ័រ{Stitcher}ចំណង់ផ្លាត៖ ចំនួន ៤០០ សន្លឹក សៀវភៅអ្វីដែលអ្នកបើកបរត្រូវយល់ដឹង៖ ចំនួន ១៣៦ ក្បាល លិខិតប័ណ្ណសីលធម៌១០ចំណុចសម្រាប់សុវត្ថិភាពចរាចរណ៍៖ ចំនួន ១៣៦ សន្លឹក ឯកសារជំនួសស្មារតីស្ដីពីរច្បាប់ចរាចរណ៍៖ ចំនួន ១៣៦ សសន្លឹក ​ការចុះផ្សព្វផ្សាយនេះ ធ្វើឡើងក្នុងគោលបំណងបង្កើនការយល់ដឹងឱ្យកាន់តែច្បាស់អំពីច្បាប់ចរាចរណ៍ផ្លូវគោក ពិសេសក្នុងឱកាសដែលបងប្អូនប្រជាពលរដ្ឋត្រូវធ្វើដំណើរទៅមកយ៉ាងកកកុញ ក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខ។ ​លោកជំទាវប្រធានប្រតិបត្តិបានបញ្ជាក់ថា សកម្មភាពនេះគឺជាការចូលរួមចំណែកដ៏សំខាន់ជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ឱ្យមកនៅកម្រិតទាបបំផុត ដើម្បីការពារអាយុជីវិត ការពារពិការភាព និងការពារទ្រព្យសម្បត្តិទាំងឯកជន និងសាធារណៈ សំដៅនាំមកនូវភាពសប្បាយរីករាយជូនដល់គ្រួសារខ្មែរគ្រប់រូបក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ៕ដោយ ស សារឿន