ខេត្តបន្ទាយមានជ័យ÷ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម កើត សុវណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងកងរាជអាវុធហត្ថបានបំពេញភារកិច្ចយ៉ាងហ្មត់ចត់ និងបានបញ្ជូនខ្លួនជនសង្ស័យម្នាក់ជាជនជាតិឥណ្ឌូនេស៊ី ទៅកាន់សាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃសៅរ៍ ទី១៦ ខែឧសភា ឆ្នាំ២០២៦ នេះ ដើម្បីអនុវត្តទោសតាមច្បាប់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (គាស់ហាងលួចទ្រព្យសម្បត្តិ)។ កកិច្ចអន្តរាគមន៍និងការស្រាវជ្រាវយ៉ាងរហ័សរហនព្រឹត្តិការណ៍នេះបានកើតឡើងបន្ទាប់ពីកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ទទួលបណ្ដឹងពីជនរងគ្រោះឈ្មោះ ណាន ចាន់នី ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ កាលពីវេលាម៉ោង១៧:០០នាទី ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦។ ជនរងគ្រោះបានរាយការណ៍ថា មានករណីចោរកម្មគាស់ហាងប្ដូរប្រាក់មួយកន្លែង ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ដោយបាត់បង់ប្រាក់ថៃចំនួន ១០,០០០បាត និងទូរសព្ទដៃចំនួន ០៥គ្រឿង។
ភ្លាមៗក្រោយទទួលបណ្ដឹង លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានបង្ហាញពីស្មារតីទទួលខុសត្រូវខ្ពស់ ដោយដឹកនាំកម្លាំងជំនាញចុះធ្វើការស្រាវជ្រាវ និងពិនិត្យកាមេរ៉ាសុវត្ថិភាពយ៉ាងយកចិត្តទុកដាក់បំផុត រហូតកំណត់អត្តសញ្ញាណជនសង្ស័យបាន។
លុះដល់វេលាម៉ោង០៩:០០នាទី ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ ដើមបណ្ដឹងនិងប្រជាពលរដ្ឋជនជាតិឥណ្ឌូនេស៊ី បាននាំខ្លួនជនសង្ស័យឈ្មោះ កា រ៉ាន (KA RÂN) ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី មកប្រគល់ជូនសមត្ថកិច្ច។ នៅពេលទទួលខ្លួន ជនសង្ស័យមានស្នាមរបួសជាំ បែកក្បាល និងហើមភ្នែក (ដោយសារការឃាត់ខ្លួនពីពលរដ្ឋ)។
ទោះជាក្នុងនាមជាជនសង្ស័យក៏ដោយ កងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានបង្ហាញ
នៅមនសិកាវិជ្ជាជីវៈនិងស្រលាញ់យុត្តិធម៌ ដោយបានចាត់ចែងឱ្យមន្ត្រីគ្រូពេទ្យធ្វើការពិនិត្យ និងផ្តល់ការព្យាបាលបឋមភ្លាមៗ មុននឹងឈានដល់ការសាកសួរតាមនីតិវិធីច្បាប់។ នេះស្តែងឱ្យឃើញពីការគោរពសិទ្ធិមនុស្ស និងភាពថ្លៃថ្នូររបស់កងកម្លាំងកម្ពុជា។ ចម្លើយសារភាពនិងការកសាងសំណុំរឿង÷
លោកអនុសេនីយ៍ឯក តិល តៃលីវ បានឱ្យដឹងថា ក្រោមការសាកសួរយ៉ាងហ្មត់ចត់ ជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពគាស់ហាង និងលួចទ្រព្យសម្បត្តិរបស់ជនរងគ្រោះពិតប្រាកដមែន។
ផ្អែកលើចម្លើយសារភាព និងភស្តុតាងច្បាស់លាស់ពីកាមេរ៉ាសុវត្ថិភាព លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស បានចាត់ចែងឱ្យកម្លាំងការិយាល័យព្រហ្មទណ្ឌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿងយ៉ាងរហ័ស ដើម្បីបញ្ជូនជនសង្ស័យទៅកាន់សាលាដំបូងខេត្តចាត់ការបន្ត។ កោតសរសើរជោគជ័យនៃការបង្ក្រាបបទល្មើសនេះឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ និងសមត្ថភាពខ្ពស់របស់កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ក្នុងការការពារសន្តិសុខ សុវត្ថិភាព និងទ្រព្យសម្បត្តិជូនប្រជាពលរដ្ឋ ព្រមទាំងរក្សាបាននូវរបៀបរៀបរយសង្គមយ៉ាងល្អប្រសើរនៅតំបន់ព្រំដែន។ សម្រួលអត្ថបទ ដោយលោក មុត ចិត្រា ប្រម៉ាញ់ជាយដែន

