ខេត្តបន្ទាយមានជ័យ÷នាព្រឹក ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារគណៈកម្មការត្រួតពិនិត្យ បានអញ្ជើញដឹកនាំប្រតិភូអមដំណើរ រួមមាន ឯកឧត្តម យុត ស្វិនី អនុប្រធានក្រុមការងារគណៈកម្មការត្រួតពិនិត្យ ព្រមទាំងឯកឧត្តមជាសមាជិកក្រុមការងារជាច្រើនរូបទៀត ចុះបេសកកម្មផ្ទាល់ដីដើម្បីធ្វើការត្រួតពិនិត្យ វាយតម្លៃ និងតម្រង់ទិសលើការអនុវត្តផែនការសកម្មភាពការងាររបស់គណបក្ស នៅស្រុកម៉ាឡៃ។
ការចុះបេសកកម្មយ៉ាងសកម្មនាពេលនេះ គឺជាជំហានយុទ្ធសាស្ត្រមួយយ៉ាងសំខាន់ ក្នុងការរៀបចំសណ្តាប់ធ្នាប់ការងារ ពង្រឹងយន្តការផ្ទៃក្នុង និងត្រៀមលក្ខណៈសម្បត្តិឱ្យបានល្អិតល្អន់គ្រប់ជ្រុងជ្រោយ ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ដែលនឹងប្រព្រឹត្តទៅនាឆ្នាំ២០២៧ ខាងមុខ។
ក្នុងឱកាសចុះត្រួតពិនិត្យនោះ គណៈប្រតិភូបានផ្តោតសំខាន់លើចំណុចស្នូលមួយចំនួន រួមមាន៖ ការវាយតម្លៃលទ្ធផលការងារកន្លងមក ពិនិត្យមើលវឌ្ឍនភាពនៃការអនុវត្តសេចក្តីសម្រេច និងផែនការសកម្មភាពដែលបានដាក់ចេញ ដោយជំរុញឱ្យការងារនីមួយៗដំណើរការទៅដោយរលូន និងមានប្រសិទ្ធភាពខ្ពស់។
ការអនុវត្តតួនាទីត្រួតពិនិត្យនិងតាមដាន ពង្រឹងការងារត្រួតពិនិត្យផ្ទៃក្នុង ដើម្បីធានានូវភាពស្មោះត្រង់ ភាពម៉ត់ចត់ និងតម្លាភាពក្នុងការបម្រើប្រជាពលរដ្ឋនៅមូលដ្ឋាន។
ការស្ដាប់បញ្ហាប្រឈម និងដំណោះស្រាយ ទទួលយកនូវសំណូមពរ ក៏ដូចជាបញ្ហាប្រឈមជាក់ស្តែងពីអាជ្ញាធរ និងមន្ត្រីគណបក្សមូលដ្ឋានស្រុកម៉ាឡៃ ដើម្បីរួមគ្នារកដំណោះស្រាយឱ្យបានទាន់ពេលវេលា និងចំគោលដៅ។
ការជំរុញស្មារតី និងទិសដៅបន្ត ផ្តល់អនុសាសន៍ណែនាំកម្រិតយុទ្ធសាស្ត្រ ដើម្បីឱ្យក្រុមការងារថ្នាក់មូលដ្ឋានបន្តចុះកៀកអែបជាមួយប្រជាពលរដ្ឋ ស្តាប់សុខទុក្ខ និងដោះស្រាយតម្រូវការជាក់ស្តែង សំដៅកសាងជំនឿទុកចិត្ត និងពង្រឹងប្រជាប្រិយភាពគណបក្សឱ្យកាន់តែរឹងមាំ។
សកម្មភាពចុះជួបផ្ទាល់ និងការត្រួតពិនិត្យយ៉ាងជិតដិតនេះ បានស្តែងឱ្យឃើញយ៉ាងច្បាស់ពីស្មារតីទទួលខុសត្រូវខ្ពស់ ការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ថ្នាក់ដឹកនាំគណបក្សក្នុងការបម្រើជាតិ និងប្រជាជន ជាពិសេសគឺការកសាងគ្រឹះយ៉ាងរឹងមាំនៅថ្នាក់មូលដ្ឋាន ដើម្បីធានាបាននូវជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ខាងមុខនេះ ប្រកបដោយភាពជឿជាក់ និងជោគជ័យ៕



