បង្ក្រាបបណ្តាញគ្រឿងញៀនឆ្លងដែន និងអាវុធខុសច្បាប់! នគរបាលខេត្តព្រះវិហារ ក្រសោបបានជនសង្ស័យ ៤នាក់ និងវត្ថុតាងជាច្រើន

​ខេត្តព្រះវិហារ÷នៅក្នុងកិច្ចប្រតិបត្តិការយ៉ាងក្តៅគគុក និងប្រកបដោយជំនាញខ្ពស់ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ សហការយ៉ាងជិតស្និទ្ធជាមួយអធិការដ្ឋាននគរបាលស្រុកឆែប បានចុះបង្ក្រាបករណីរក្សាទុក ដឹកជញ្ជូន ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនឆ្លងដែន ព្រមទាំងអាវុធកែច្នៃជាច្រើនដើម ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ (ខ្មែរ ១នាក់ និងឡាវ ៣នាក់) រួមជាមួយថ្នាំញៀនប្រភេទ WY ជិត ៨០០គ្រាប់ និងគ្រាប់រំសេវមួយចំនួនទៀត។
​ប្រតិបត្តិការផ្លេកបន្ទោរនេះ បានធ្វើឡើងកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ស្ថិតនៅចំណុចផ្ទះរបស់ឈ្មោះ ជួន ទៀ ក្នុងភូមិសួង ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ។ កិច្ចប្រតិបត្តិការដ៏ជោគជ័យនេះ កើតចេញពីការដឹកនាំ និងចង្អុលបង្ហាញយ៉ាងម៉ឺងម៉ាត់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ សថេត អគ្គស្នងការនគរបាលជាតិ និង ឧត្តមសេនីយ៍ទោសួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ ដែលតែងតែដាក់ចេញនូវបទបញ្ជាយ៉ាងស្វាហាប់ក្នុងការលុបបំបាត់បទល្មើសគ្រឿងញៀន និងអាវុធខុសច្បាប់ក្នុងភូមិសាស្ត្រទទួលខុសត្រូវ។
​ជនសង្ស័យទាំង ៤នាក់ ដែលត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានរួមមាន៖
១. ឈ្មោះជួន ទៀ ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ (ម្ចាស់ទីតាំងកើតហេតុ)
២. ឈ្មោះ ស៊ូលីយ៉ាក់ចាក់ លឿន
ឈ្មោះ ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិឡាវ មុខរបរកសិករ
៣. ឈ្មោះសូទីថន ពើម ភេទប្រុស អាយុ ១៤ឆ្នាំ ជនជាតិឡាវ មុខរបរកសិករ
៤. ឈ្មោះ ចាន់ ឌីមឿង ហៅឌីភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិឡាវ មុខរបរកសិករ ជនជាតិឡាវ៣នាក់ មានទីលំនៅបច្ចុប្បន្ន ភូមិ ស្រឡៅស្រោង និងភូមិបានញ៉ាង ឃុំណាឌី ស្រុកមឿងមុន ខេត្តចំប៉ាសាក់ប្រទេសឡាវ
​នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចចាប់យកបានវត្ថុតាង រួមមាន៖
​ថ្នាំញៀនគ្រាប់ប្រភេទមេតំហ្វេតាមីន (WY) ចំនួន ៧៧៤គ្រាប់
​អាវុធកែច្នៃ ៣ដើម និងដាវស្រួច ២ដើម
​គ្រាប់អាខេ (AK-47) ៨គ្រាប់ និងគ្រាប់កាជីប ២៨គ្រាប់
​ម៉ូតូ ២គ្រឿង និងទូរស័ព្ទដៃ ៣គ្រឿង
​ឧបករណ៍ និងសម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។
​ស្នាដៃនៃការបង្ក្រាបបទល្មើសឆ្លងដែននាពេលនេះ បានស្តែងឱ្យឃើញយ៉ាងច្បាស់ពី ស្មារតីទទួលខុសត្រូវខ្ពស់ ភាពប៉ិនប្រសប់និងភាពក្លាហានរបស់កម្លាំងនគរបាលខេត្តព្រះវិហារ ក្នុងការការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម និងការកាត់ផ្តាច់ឫសគល់នៃបណ្តាញជួញដូរគ្រឿងញៀនខុសច្បាប់តាមព្រំដែន ដើម្បីជួយសង្គ្រោះយុវជន និងសហគមន៍ឱ្យរួចផុតពីគ្រោះថ្នាក់នៃគ្រឿងញៀន។
​បច្ចុប្បន្ន ជនសង្ស័យទាំង ៤នាក់ រួមជាមួយវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តព្រះវិហារ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ជាធរមាន៕សម្រួលអត្ថបទ÷ដោយលោក មុត ចិត្រា ប្រម៉ាញ់ជាយដែន