លោកជំទាវបណ្ឌិត បាន ស្រីមុំ ចុះពិនិត្យកែលម្អហេដ្ធារចនាសម្ព័ន្ធនៅច្រកព្រំដែនអន្តរជាតិព្រំ ដើម្បីលើកកម្ពស់មុខមាត់ជាតិ និងជំរុញវិស័យទេសចរណ៍

​ខេត្តប៉ៃលិន÷ ដើម្បីបម្រើផលប្រយោជន៍សាធារណៈជូនជាតិ និងប្រជាជន ព្រមទាំងលើកកម្ពស់សោភ័ណភាពតំបន់ព្រំដែន លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន នាExternalរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំប្រតិភូចុះពិនិត្យផ្ទាល់នូវសកម្មភាពរៀបចំ កែលម្អហេដ្ឋារចនាសម្ព័ន្ធ និងការរៀបចំសោភ័ណភាព នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
​ក្នុងឱកាសអញ្ជើញចុះពិនិត្យនោះ លោកជំទាវបណ្ឌិត បាន ស្រីមុំ បានគូសបញ្ជាក់យ៉ាងស៊ីជម្រៅថា ផ្លែផ្កានៃសន្តិភាពដែលកើតចេញពី «នយោបាយឈ្នះ-ឈ្នះ» របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តដឹកនាំប្រកបដោយថាមវន្តដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យខេត្តប៉ៃលិនផ្លាស់ប្តូរមុខមាត់ទាំងស្រុង—ពីអតីតសមរភូមិក្តៅនៃសង្គ្រាម មកជាដែនដីប្រកបដោយសុខសន្តិភាព ស្ថិរភាព និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ដែលបាន និងកំពុងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងជាលំដាប់។
​លោកជំទាវបណ្ឌិតអភិបាលខេត្ត បានបន្ថែមទៀតថា ការកសាង និងកែលម្អហេដ្ឋារចនាសម្ព័ន្ធនាពេលនេះ រួមមាន៖ ការរៀបចំសួនច្បារឡើងវិញ ការបំពាក់ប្រព័ន្ធភ្លើងលម្អសាធារណៈ និងការអនុវត្តវិធានការអនាម័យបរិស្ថានយ៉ាងម៉ឺងម៉ាត់ គឺជាជំហានយុទ្ធសាស្ត្រដ៏សំខាន់របស់អាជ្ញាធរខេត្ត ក្នុងការប្រែក្លាយខេត្តប៉ៃលិន ឱ្យទៅជាតំបន់ប្រកបដោយបរិស្ថានស្អាត បៃតង និងជាគោលដៅទេសចរណ៍ដ៏ទាក់ទាញបំផុតមួយនៅលើផ្ទៃប្រទេសនាពេលអនាគត។
​សកម្មភាពអភិវឌ្ឍន៍នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំនេះ មិនត្រឹមតែជួយសម្រួលដល់ការធ្វើដំណើរ និងការផ្លាស់ប្តូរពាណិជ្ជកម្មឆ្លងដែនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការស្តែងឱ្យឃើញពីមោទនភាពជាតិ និងការត្រៀមខ្លួនជាស្រេចក្នុងការស្វាគមន៍ភ្ញៀវទេសចរ និងវិនិយោគិនជាតិ-អន្តរជាតិ មកកាន់ដែនដីត្បូងពេជ្រមួយនេះផងដែរ៕ដោយ លោក សសារឿន