លោកជំទាវបណ្ឌិត បាន ស្រីមុំ ចុះសួរសុខទុក្ខ និងលើកទឹកចិត្តមន្ត្រីរាជការដែលកំពុងសម្រាកព្យាបាលជំងឺ ដោយគូសបញ្ជាក់ពីរស្មារតីរួមសុខទុក្ខ និងតម្លៃការលះបង់ដើម្បីប្រជាពលរដ្ឋ

​ខេត្តប៉ៃលិន÷ នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានដឹកនាំក្រុមការងារអញ្ជើញចុះសួរសុខទុក្ខដោយផ្ទាល់ ចំពោះមន្ត្រីរាជការ និងអាជ្ញាធរមូលដ្ឋាន រួមមាន លោកស្រី មល់ ស្រ៊ឹម អនុប្រធានផ្នែកទទួលពាក្យបណ្តឹង និងកិច្ចការរដ្ឋបាល នៃកាល័យប្រជាពលរដ្ឋខេត្តប៉ៃលិន និងលោក កែវ ស៊ីថា មេភូមិអូរដូនតាលើ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។
​ក្នុងឱកាសប្រកបដោយភាពស្និទ្ធស្នាល និងកក់ក្តៅនោះ លោកជំទាវបណ្ឌិត អភិបាលខេត្ត បានសម្តែងនូវការព្រួយបារម្ភយ៉ាងជ្រាលជ្រៅ ព្រមទាំងបានពាំនាំនូវប្រសាសន៍លើកទឹកចិត្ត និងការផ្តាំផ្ញើសួរសុខទុក្ខយ៉ាងយកចិត្តទុកដាក់ជូនចំពោះអ្នកជំងឺ និងក្រុមគ្រួសារ។ លោកជំទាវបានគូសបញ្ជាក់ថា ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ជានិច្ចកាលតែងតែនៅក្បែរ និងរួមសុខរួមទុក្ខជាមួយមន្ត្រីរាជការជានិច្ច ហើយបានជូនពរឲ្យអ្នកជំងឺទាំងពីរឆាប់បានជាសះស្បើយ ដើម្បីត្រឡប់មកបំពេញបេសកកម្មបម្រើជាតិ និងប្រជាជននៅក្នុងមូលដ្ឋានវិញនាពេលឆាប់ៗខាងមុខ។
​ជាមួយគ្នានេះដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះស្មារតីទទួលខុសត្រូវ លះបង់កម្លាំងកាយចិត្ត និងពេលវេលាដោយមិនគិតពីការនឿយហត់របស់ លោកស្រី មល់ ស្រ៊ឹម និងលោក កែវ ស៊ីថា ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋនាពេលកន្លងមក។ សកម្មភាព និងឆន្ទៈដ៏មោះមុតនេះ គឺជាគំរូដ៏ល្អប្រសើរដែលស្តែងឲ្យឃើញពីភាពស្មោះត្រង់ ភាពស្និទ្ធស្នាលជាមួយប្រជាជន និងស្មារតីសាមគ្គីភាពដ៏រឹងមាំចំពោះជាតិ និងថ្នាក់ដឹកនាំ។
​បន្ថែមពីនេះ លោកជំទាវបណ្ឌិត អភិបាលខេត្ត ក៏បានផ្តល់ការណែនាំ និងផ្តាំផ្ញើយ៉ាងម៉ឺងម៉ាត់ដល់ថ្នាក់ដឹកនាំ និងក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តទាំងអស់ ត្រូវ៖ខិតខំបំពេញភារកិច្ចឱ្យបានត្រឹមត្រូវតាមជំនាញ បច្ចេកទេស និងស្តង់ដារវេជ្ជសាស្ត្រ ដើម្បីធានាបាននូវគុណភាព និងប្រសិទ្ធភាពខ្ពស់ក្នុងការផ្តល់សេវាថែទាំសុខភាពជូនប្រជាពលរដ្ឋ។ រក្សាឥរិយាបថ រក្សាពាក្យសម្តីសមរម្យ ទន់ភ្លន់ និងរវាក់រវៃចំពោះអ្នកជំងឺ និងក្រុមគ្រួសារ ដើម្បីបង្កើតបរិយាកាសកក់ក្តៅ និងទទួលបានទំនុកចិត្ត ព្រមទាំងការកោតសរសើរពីមហាជន។ដោយ លោក ស សារឿន