អធិការនគរបាលស្រុកទ្រាំង ចុះជំរុញការផ្តល់សេវាអត្តសញ្ញាណកម្មដល់មូលដ្ឋានឃុំអង្កាញ់

ខេត្តតាកែវ៖ ដោយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តតាកែវ និងដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ លោក អ៊ុំ ចំរើន អភិបាលនៃគណៈអភិបាលស្រុកទ្រាំង នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ លោកវរសេនីយ៍ទោ កប សេម អធិការនគរបាលស្រុកទ្រាំង បានដឹកនាំក្រុមការងារជំនាញ ចុះពិនិត្យ និងជំរុញសកម្មភាពផ្តល់សេវាអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋដល់មូលដ្ឋាន ស្ថិតក្នុងឃុំអង្កាញ់ ស្រុកទ្រាំង។
​សកម្មភាពសំខាន់ៗក្នុងបេសកកម្ម៖
ការផ្តល់សេវាផ្ទាល់៖ ពិនិត្យការបំពេញបែបបទធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងការផ្តល់សព្វុធថ្មីជូនបងប្អូនប្រជាពលរដ្ឋ។
ការសំណេះសំណាល៖ លោកអធិការបានជួបសួរសុខទុក្ខ និងស្វែងយល់ពីតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងការប្រើប្រាស់សេវាសាធារណៈ ដូចជា៖ អត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ។
ការផ្ដាំផ្ញើដល់មន្ត្រីជំនាញ៖ ក្នុងឱកាសនោះ លោកអធិការបានណែនាំយ៉ាងម៉ឺងម៉ាត់ដល់ផ្នែកជំនាញអត្តសញ្ញាណកម្មស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់លើការបម្រើសេវាជូនពលរដ្ឋ ដោយត្រូវធានាឱ្យបាននូវភាពរហ័ស ទាន់ពេលវេលា និងប្រកបដោយក្រមសីលធម៌
​សកម្មភាពនេះ បានបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ ក្នុងការបង្ខិតសេវាសាធារណៈឱ្យកាន់តែជិតប្រជាពលរដ្ឋ ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងជីវភាពរស់នៅ និងការប្រើប្រាស់តាមតម្រូវការច្បាប់ផ្សេងៗ។ដោយ វង់សុខរដ្ឋា