(បន្ទាយមានជ័យ)៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ ឡេង បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀន ព្រមទាំងកាន់កាប់អាវុធដោយខុសច្បាប់ ដោយឃាត់ខ្លួនជនសង្ស័យសរុបចំនួន ១៦នាក់ កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅចំណុចផ្លូវឡើងសកលវិទ្យាល័យ UME ភូមិភ្នំកន្ទួត។
វត្ថុតាងដែលដកហូតបានរួមមាន៖
គ្រឿងញៀន៖ ប្រភេទម្ស៉ៅក្រាមសថ្លា (ICE) ១២ថង់ (ទម្ងន់ ២០,៧៤ក្រាម) និងថ្នាំគ្រាប់ពណ៌ក្រហម (WY) ០៦គ្រាប់។
អាវុធ៖ កាំភ្លើងស្នប់កែច្នៃ ០៣ដើម និងកាំបិតស្នៀត ០១ដើម។
សម្ភារៈផ្សេងៗ៖ ម៉ូតូ ០៦គ្រឿង, ទូរស័ព្ទ ០៩គ្រឿង និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
ក្រោយការសាកសួរ ជនសង្ស័យទាំងអស់បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានប្រព្រឹត្តបទល្មើសខាងលើពិតប្រាកដមែន។ ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលពីឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។
បច្ចុប្បន្ន៖ ជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ ដោយសឿន វ៉ាន់ម៉ាន់លី


