បាត់ដំបង៖ កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានបើកប្រតិបត្តិការចុះបង្ក្រាបករណីរក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក្នុងបទល្មើសជាក់ស្ដែង ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ៥នាក់ រួមជាមួយវត្ថុតាងជាច្រើន។
ប្រតិបត្តិការនេះបានធ្វើឡើងនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ១៤:០០នាទី ស្ថិតនៅចំណុចក្រុមទី១០ ភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ជនសង្ស័យទាំង ៥នាក់ ដែលត្រូវបានឃាត់ខ្លួន រួមមាន៖
ឈ្មោះ រ័ត្ន បូរី (ហៅតក់) ភេទប្រុស អាយុ ២៩ឆ្នាំ (ស្នាក់នៅភូមិអូរតាគាំ២)។
ឈ្មោះ ស្រុឺ ភីសារ ភេទប្រុស អាយុ ៣៤ឆ្នាំ (ស្នាក់នៅភូមិអូរតាគាំ២)។
ឈ្មោះ អុិន ស្រីមុី (ហៅយួន) ភេទស្រី អាយុ ៤៦ឆ្នាំ (ស្នាក់នៅភូមិកម្មករ សង្កាត់ស្វាយប៉ោ)។
ឈ្មោះ ថា រឹទ្ធីស័ក្ក ភេទប្រុស អាយុ ២១ឆ្នាំ (ស្នាក់នៅភូមិអូរតាគាំ២)។
ឈ្មោះ ជា ឡាយ ភេទប្រុស អាយុ ៣៩ឆ្នាំ (ស្នាក់នៅភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ)។
ក្នុងការបង្ក្រាបនេះ សមត្ថកិច្ចបានដកហូតសម្ភារៈពាក់ព័ន្ធនឹងបទល្មើសមួយចំនួនធំ រួមមាន៖
គ្រឿងញៀន៖ ម្សៅក្រាមពណ៌សថ្លា (ម៉ាទឹកកក) ចំនួន ០៣ថង់ (ទម្ងន់ ១៣.២៤ក្រាម)។
អាវុធ៖ កាំភ្លើង AK47 កែច្នៃ ០១ដើម, កាណុងកាំភ្លើង ០១, កាំភ្លើងកែច្នៃបាញ់គ្រាប់កង់ ០១ដើម និងសំបកគ្រាប់ ០១។
មធ្យោបាយដឹកជញ្ជូន៖ ម៉ូតូ ០៣គ្រឿង (Honda PCX ស៊េរីឆ្នាំ២០២៣, Suzuki NEX ស៊េរីឆ្នាំ២០១៤ និង Honda Wave ស៊េរីឆ្នាំ២០១៩)។
សម្ភារៈផ្សេងៗ៖ ជញ្ជីងថ្លឹងថ្នាំញៀន ០១គ្រឿង, ទូរសព្ទដៃ ០៥គ្រឿង, ថង់សម្រាប់រំលែក និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្ន ជនសង្ស័យទាំង ៥នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីច្បាប់។
”គ្រឿងញៀនបំផ្លាញគ្រប់យ៉ាង សូមជៀសឆ្ងាយពីគ្រឿងញៀន!” ដោយ សឿនហៀឡុង




