នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អញ្ជើញជាអធិបតីជួបសំណេះសំណាលជាមួយ សិស្សប្រឡងចប់មធ្យមសិក្សាទុតិយភូមិ ទូទាំងស្រុកឯកភ្នំ ចំនួន ២៥៨នាក់

បាត់ដំបង ៖ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកឯកភ្នំ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសិស្សប្រឡងចប់មធ្យមសិក្សាទុតិយភូមិ ទូទាំងស្រុកឯកភ្នំ ចំនួន ២៥៨ នាក់ នាសម័យប្រឡង ២៨ សីហា ឆ្នាំ២០២៥ ដែលពិធីនេះធ្វើឡើងនៅសាលាស្រុកឯកភ្នំ ខេត្តបាត់ដំបង។

ក្នុងឱកាសសំណេះសំណាលនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយក បានថ្លែងអំណរគុណ និងអបអរសាទរដល់មាតាបិតា អាណាព្យាបាល លោកគ្រូ អ្នកគ្រូ ក្រុមការងារគ្រប់លំដាប់ថ្នាក់ដែលបានយកចិត្តទុកដាក់ជួយជ្រោមជ្រែងដល់សិស្សានុសិស្សទាំងអស់ រហូតដល់ការសិក្សារបស់សិស្សទទួលបានលទ្ធផលល្អ។

ទន្ទឹមនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយក បានមានប្រសាសន៍បន្ថែមថា លទ្ធផលនេះបានសរបញ្ជាក់ឱ្យឃើញពីការខិតខំប្រឹងប្រែង បង្ហាត់បង្រៀនអស់ពីកម្លាំងកាយ កម្លាំងចិត្តរបស់លោកគ្រូ អ្នកគ្រូ ក៏ដូចជាការលើកទឹកចិត្តពីមាតាបិតា អាណាព្យាបាល និងជាការខិតខំតស៊ូព្យាយាមផ្ទាល់ខ្លួនរបស់ក្មួយៗសិស្សានុសិស្ស។

ជាកិច្ចបញ្ចប់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយក បានផ្ដាំផ្ញើដល់ក្មួយៗសិស្សានុសិស្ស ត្រូវបន្តសិក្សាជំនាញរបស់ខ្លួនឱ្យបានពូកែ ដើម្បីជាទុនដ៏សំខាន់ក្នុងទីផ្សារការងារ ជាពិសេសត្រូវថែរក្សាសុខភាពឱ្យបានល្អ ជៀសឱ្យផុតពីគ្រឿងញៀន ប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ និងសុជីវធម៌ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ៕