ស្នងការនគរបាលខេត្តប៉ៃលិន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រចាំខែតុលា ឆ្នាំ២០២៥

ប៉ៃលិន៖ លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រចាំខែតុលា និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនកាលពីរថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ។
កិច្ចប្រជុំនេះដែរ មានការអញ្ជើញចូលរួមពី លោក-លោកស្រី ស្នងការរង លោកនាយ-នាយរងការិយាល័យ លោកអធិការ-អធិការរងក្រុង-ស្រុក លោកមេបញ្ជាការ-មេបញ្ជាការរង វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២១ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង០៨ ឃុំ/សង្កាត់។

ទន្ទឹមនោះលោកស្នងការបានមានមតិបូកសរុប និងមានប្រសាសន៍ណែនាំមួយចំនួនដល់កម្លាំងតាមបណ្តាផែន និងការិយាល័យគ្រប់ជំនាញ ត្រូវបន្តយកចិត្តទុកដាក់លើការអនុវត្តតួនាទីភារកិច្ចឱ្យបានល្អប្រសើរ និងចូលរួមគោរពវិន័យ ក្រមសិលធម៌ វិជ្ជាជីវៈនគរបាល ប្រកបដោយស្មារតីទទួលខុសត្រូវ ជាពិសេសនៅតាមបណ្តាផែនត្រូវពង្រឹងលើវេនប្រចាំបញ្ជា២៤/២៤ម៉ោង។

ជាចុងក្រោយលោកស្នងការ បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ចំពោះអធិការនគរបាលក្រុង/ស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវបន្តពង្រឹងវិធានការបង្ការទប់ស្កាត់ នូវរាល់បទល្មើសគ្រប់ប្រភេទ និងសកម្មភាពក្មេងទំនើង ដែលអាចបង្ករឱ្យមានផលប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម៕