កម្លាំងសមត្ថកិច្ចចម្រុះសហការបង្ក្រាបឃាត់ខ្លួនជន់សង្ស័យចំនួន 3 នាក់ ប្រើប្រាស់ ទូក ដឹកសាច់បង្កកគេចពន្ធពីប្រទេសថៃ

(កោះកុង)៖ កម្លាំងសមត្ថកិច្ចចម្រុះខេត្តកោះកុងបានបង្ក្រាបទូក១គ្រឿងដឹកសាច់បង្កកគេចពន្ធពីប្រទេសថៃ នៅឆ្នេរខ្សាច់ពាមក្រសោប ស្រុកមណ្ឌលសីមា នៅវេលាម៉ោង៣ទាបភ្លឺ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥។

ក្នុងប្រតិបត្តិការនេះសម្ត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៣នាក់ និងរឹបអូសទំនិញជាវត្ថុតាងជាច្រើន។
ការបង្ក្រាបខាងលើធ្វើឡើងក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញារងខេត្ត និងអាជ្ញាធរខេត្ត សមត្ថកិច្ចបានទប់ស្កាត់ទូកដឹកទំនិញខុសច្បាប់ សង្ស័យថាមានគោលដៅឆ្ពោះទៅព្រែកចាក ខេត្តកំពត។

ម្ចាស់ទូកឈ្មោះ អ៊ុក ណារ៉ូ និងជនសង្ស័យ២នាក់ទៀត មានទីលំនៅសង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ។
ពួកគេដឹកទំនិញគេចពន្ធពីផែខ្លងស្រ៊ុន ស្រុកខ្លងយ៉ៃ ខេត្តត្រាត ប្រទេសថៃ ដោយគ្រោងឡើងទំនិញនៅព្រែកឆ្មាបាត់ តាមច្រកពាមក្រសោប និងបន្តដឹកតាមរថយន្ត។
ជនសង្ស័យសារភាពថា ពួកគេស៊ីឈ្នួលដឹកទំនិញខុសច្បាប់ ទទួលថ្លៃ១២,០០០-១៥,០០០បាតក្នុង១ជើង និងបានធ្វើសកម្មភាពនេះអស់២ខែ។
ទំនិញរួមមាន ក្តាមសក២៩កេស (តូចធំ) ក្តាមបង្កក៥កេស ជើងមាន់បង្កក១២កេស សរុបជាង១តោន ព្រមទាំងថ្នាំលាបកំប៉ុង ថ្នាំសារធាតុប្រតិកម្មអាស៊ីត កាហ្វេកញ្ចប់ ស្លឹកកាធម ស្រោមដៃក្រណាត់ និងសំបកដបទឹក។

ក្រោយការបង្ក្រាបទំនិញបង្កកត្រូវបានដុតកម្ទេច ខណៈក្តាមសកត្រូវបញ្ជូនទៅលែងនៅសហគមន៍ព្រៃកោងកាង ឃុំពាមក្រសោប ដើម្បីអភិរក្ស។ លោក ហាក់ ឡេង បានណែនាំឱ្យសមត្ថកិច្ចបន្តតាមដាន និងស្រាវជ្រាវមុខសញ្ញាពាក់ព័ន្ធ ដើម្បីទប់ស្កាត់បទល្មើសនេះ។
នេះជាលើកទី៣ហើយដែលសមត្ថកិច្ចកោះកុងបង្ក្រាបទំនិញគេចពន្ធពីថៃ។ កន្លងមក សម្តេចតេជោ ហ៊ុន សែន បានជំរុញឱ្យរាជរដ្ឋាភិបាលចាត់វិធានការតឹងរ៉ឹងចំពោះជនល្មើសនាំចូលទំនិញខុសច្បាប់។
សមត្ថកិច្ចកំពុងបន្តនីតិវិធីច្បាប់លើជនសង្ស័យ និងរឹបអូសទំនិញជាវត្ថុតាង ដើម្បីចាត់ការតាមច្បាប់៕ដោយលោក សឿនវ៉ាន់ម៉ាន់លី