បាត់ដំបង÷អនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបាត់ដំបង និងក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ទោ ទឹម វិឆ័យ ជាអធិការ នគរបាលស្រុកសំពៅលូន ។
កាលនៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ១១ និង ៣០ នាទី នៅចំណុចមាត់អូរព្រំដែនកម្ពុជា-ថៃ ក្រុមទី០១ ភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន សហការជាមួយកម្លាំងជួរមុខ :
-កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧
-កម្លាំងវរសេនាតូចថ្មើរជើងលេខ៥៣៣
បានបង្ក្រាបករណី អំពើលួច (លួចម៉ូតូមកពីប្រទេសថៃ) ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ គិន គឹមសិទ្ឋ ភេទប្រុស អាយុ ២៩ ឆ្នាំ ស្នាក់នៅភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង (ឃាត់ខ្លួនបាន) បានក្រោយធ្វើសកម្មភាពលួចឆ្លងដែនចូលទៅក្នុងប្រទេសថៃ ផ្សារថៃ ភូមិខៅឌីន ស្រុកខ្លងហាត ខេត្តស្រះកែវ ប្រទេសថៃ បានលួចយកម៉ូតូ ចំនួន ០១ គ្រឿង ម៉ាក Suzuki Smash ពណ៌ទឹកប៉ិច-ខ្មៅ មានលេខតួ BE49R-TH204900 គ្មានស្លាកលេខ បណ្តើរលួចឆ្លងដែនចូលមកប្រទេសកម្ពុជាតាមច្រករបៀងជាប់ភូមិសាស្រ្ត ភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ក៏ត្រូវកម្លាំងសមត្ថកិច្ចសហការឃាត់តែម្តង ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជួរមុខ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកសំពៅលូន ដើម្បីកធ្វើការសាកសួរនិងសាងសំណុំរឿងបញ្ជូន ទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ។

