បាត់ដំបង÷ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ពីលោកឧត្តមសេនីយ៍ទោ ដាញ់អេងប៊ុនចាន់ ស្នងការនៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ទោ ទឹមវិឆ័យ ជាអធិការ នៅថ្ងៃទី ០៩ ខែ តុលា ឆ្នាំ២០២៥ វេលាម៉ោង ១១ និង ៣០ នាទី បានដឹកនាំកម្លាំងជំនាញផ្នែកយុត្តិធម៌នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន
សហការ ជាមួយកម្លាំងជួរមុខ រួមមាន៖ កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧.កម្លាំងវរសេនាតូចថ្មើរជើងលេខ៥៣៣ និងកម្លាំងផ្នែកសឹករងស្រុកសំពៅលូន បានបង្ក្រាបករណី ការនាំចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន ( បម្រុងនាំឆ្លងដែនពីប្រទេសកម្ពុជាចូលប្រទេសថៃ)
ចំណុចមាត់អូរព្រំដែន កម្ពុជា-ថៃ ស្ថិតនៅក្រុមទី០១ ភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ដែលបង្កឡើងដោយជនសង្ស័យចំនួន០៤ នាក់ ៖
១-ឈ្មោះ រឿម រិទ្ធ (ហៅ ទូច )ភេទប្រុស អាយុ ៤២ឆ្នាំ(ឃាត់ខ្លួនបាន)
២-ឈ្មោះ អោ សំអុន( ហៅ អូន )ភេទប្រុស ២៧ ឆ្នាំ (ឃាត់ខ្លួនបាន)
៣-ឈ្មោះ ចែម ហួរ ភេទប្រុស អាយុ ៣៧ ឆ្នាំ(ឃាត់ខ្លួនបាន) អ្នកទាំងបីនាក់មានទីលំនៅ ភូមិអូរ ឃុំសន្តិភាព ស្រុក សំពៅលូន ខេត្តបាត់ដំបង , ទាំង០៣នាក់ជាមេខ្យល់ បានធ្វើសកម្មភាពទាក់ទង នាំពលករចំនួន ០៣ នាក់៖ ១-ឈ្មោះ ពេជ្រ ដារិត ភេទប្រុស អាយុ ៣៨ ឆ្នាំ ,
២-ឈ្មោះ យុក សូនី ភេទស្រី អាយុ ៣៨ ឆ្នាំ និង
៣-ឈ្មោះ ពេជ្រ ជួនណាត់ ភេទប្រុស អាយុ ១២ ឆ្នាំ អ្នកទាំងបីនាក់ត្រូវជាឪពុកម្តាយនិងកូន មានទីលំនៅ ភូមិអូរស្ងួត ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បម្រុងនាំឆ្លងដែនពីប្រទេសកម្ពុជា ចូលទៅក្នុងប្រទេសថៃ ឆ្លងអូរព្រំដែនកម្ពុជា-ថៃ ជាប់ភូមិសាស្រ្ត ក្រុមទី០១ ភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ដោយយកប្រាក់ថ្លៃជូន ក្នុងម្នាក់ចំនួន ៣.៥០០ បាត (បីពាន់ប្រាំរយបាត) ។
ក្នុងកិច្ចសហប្រតិបត្តិការ កម្លាំងសមត្ថកិច្ចបានទទួលជនសង្ស័យចំនួន ០៣ នាក់ និងពលករចំនួន ០៣នាក់ និងម៉ូតូកង់បី ចំនួន០១ គ្រឿង ពីកម្លាំងជួរមុខ នាំមកកន្លែងអធិការដ្ឋាននគរបាលស្រុកសំពៅលូន ។
បច្ចុប្បន្នជនសង្ស័យ ទាំង៣នាក់ខាងលើដែលសង្ស័យជាមេខ្យល់រួមនិងវត្ថុតាង កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន កំពុងធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដើម្បីអនុវត្តតាមនីតិវិធី។
ចំណែកពលករទាំងបីនាក់ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូនលោកធ្វើការសាកសួរនិងអប់រំណែនាំរួចសុំគោលការណ៍ថ្នាក់លើ បានឲ្យវិលត្រឡប់ទៅគេហដ្ឋានវិញនៅឯខេត្តបន្ទាយមានជ័យ។

