ថ្នាក់ដឹកនាំបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ កុំចេះតែហ៊ាន បង់មួយសំណាញ់ក្រឡាញឹក ចាប់មួយចង្កោម ពាក់ព័ន្ធ​បទល្មើស​នាំជនជាតិថៃ​ឆ្លងដែន​ចូល​មកកម្ពុជា​ ដោយល្មើសបទបញ្ជាថ្នាក់ដឹកនាំបានប្រគល់ជូន

បន្ទាយមានជ័យ÷នៅយប់ថ្ងៃទី​ ៨​ ខែ​ តុលា​ ឆ្នាំ​ ២០២៥​ កម្លាំងយោធាកងពល​តូចថ្មើរជើងលេខ​ ៥១​ សហការជាមួយកម្លាំង កងរាជ​អាវុធ​ហត្ថ​ខេត្ត​បន្ទាយមានជ័យ​ ដឹកនាំ​បញ្ជា​ ផ្តាល់ ដោយលោកឧត្ដមសេនីយ៍ទោ​ សេង​ ធារិន​ មេបញ្ជាការ​រង និង​ជា​នាយសេនាធិការ​យោធភូមិភាគ​៥​ ដឹកនាំកម្លាំងបានឃាត់ខ្លួន​ មន្ត្រី​នគរបាល​នៃវរៈការពារព្រំដែនគោកលេខ៨៩១ខេត្ត​បន្ទាយមានជ័យ​ ចំនួន​ ៦នាក់​ ពាក់​ព័ន្ធ​បទល្មើស​នាំ​មនុស្ស​ឆ្លង​ដែន​ខុសច្បាប់​ នៅ​ចំណុច​ ប៉ុស្តិ៍​ការពារ​ព្រំដែន​គោក​អូរល្ហុង​ ។  មន្រ្តី​នគរបាល​ដែល​ត្រូវ​ ឃាត់​ខ្លួន​រួមមាន​ ៖​
១-លោក​វរសេនីយ៍​ត្រី​ សុខ សំអុល​ (ហៅតុង​ )តួនាទី មេបញ្ជាការរង វរ:សេនាតូចការពារព្រំដែន៨៩១​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ។
២-​ លោកវរៈសេនីយ៍ត្រី​ ព្រឹម​ ដែន​ ភេទតួនាទី​ មេបញ្ជាការរង វរ:សេនាតូចការពារព្រំដែន៨៩១​
៣-​ លោកវរៈសេនីយ៍ត្រី​ ព្រំ ផូរ( ហៅ​ ងិក​ ) តួនាទី មេប៉ូស្តិ៍នគរបាលការពារ​ព្រំដែន​គោក​ អូរល្ហុង​
៤-​ លោក​ពលបាលត្រី​ ព្រឹម​ ឌុន​ តួនាទី​ មន្ត្រី​
៥-​ លោក​ពលបាលត្រី​ កាក់​ សេងទ្រី​ ​ តួនាទី​
៦-​ លោក​អនុសេនីយ៍​ទោ​ ភុំ​ ចំរើន​ តួនាទី​មន្ត្រី​
៧-​ ឈ្មោះ​ ងុិក​ មិថុនា​ ​ តួនាទី​ ចុងភៅ​ (មិនពាក់​ព័ន្ធ​និងបទល្មើសនោះទេ )​ ។ 

បន្ទាប់ពី​ឃាត់​ខ្លួន​រួចហើយ​ មន្ត្រី​នគរបាល​ទាំងនោះ​ ត្រូវបាន​កម្លាំងយោធាកងពលតូចថ្មើរជើងលេខ៥១ប្រគល់​ជូនទៅ​សមត្ថកិច្ច​កងរាជ​អាវុធ​ហត្ថ​ខេត្ត​បន្ទាយមានជ័យ​ ដេីម្បី​ចាត់​ការ​បន្ត​ ។  មន្ត្រី​ពាក់ព័ន្ធ​បទល្មើស​មានចំនួន​ ៦នាក់​ ដោយឡែក​ចុងភៅ​គ្មានការ​ពាក់ព័ន្ធ​ទេ​ ។  មន្ត្រី​ជំនាញ​កងរាជ​អាវុធ​ហត្ថ​ខេត្ត​បន្ទាយមានជ័យ​ កំពុង​ធ្វើការសាកសួរនិងកសាង​សំណុំ​រឿង​ដេីម្បី​បញ្ជូន​ទៅតុលាការ​ខេត្តបន្ទាយមានជ័យដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។