ខេត្តបាត់ដំបង÷ ផ្អែកតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីសំណាក់ ឧត្តមសេនីយ៍ទោ ដាញ់ អេង ប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កម្លាំងជំនាញនគរបាលបានបើកប្រតិបត្តិការស្រាវជ្រាវយ៉ាងក្តៅគគុក រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ពាក់ព័ន្ធករណីអំពើលួច (ម៉ូតូ) និងទទួលផលចោរកម្ម ដើម្បីកសាងសំណុំរឿងបញ្ជូនទៅចាត់ការតាមនីតិវិធីច្បាប់។
ដំណើររឿងនៃហេតុការណ៍ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល ១០:៣០នាទីព្រឹក មានករណីលួចម៉ូតូមួយបានកើតឡើងនៅចំណុចចុងចំការ ស្ថិតក្នុងក្រុមទី១ ភូមិក្បាលហុង ឃុំអង្គរបាន ស្រុកសំពៅលូន ខេត្តបាត់ដំបង (ក្បែរមាត់អូរព្រំដែនកម្ពុជា-ថៃ)។ ជនរងគ្រោះមានឈ្មោះ ទូត ផែន ភេទប្រុស អាយុ ៤៣ឆ្នាំ បានជិះម៉ូតូម៉ាក Honda Dream ពណ៌ខ្មៅស៊េរីឆ្នាំ២០១០ (ពាក់ផ្លាកលេខ បាត់ដំបង 1F- 7602ទៅបាញ់ថ្នាំដំណាំ ដោយបានទុកម៉ូតូ និងដកកូនសោររក្សាទុក (មិនបានចាក់សោរ)។ លុះបាញ់ថ្នាំរួច ស្រាប់តែស្រឡាំងកាំងពេលឃើញម៉ូតូត្រូវចោរលួចបាត់ស្រមោល។រដ្ឋបទការស្រាវជ្រាវ និងការឃាត់ខ្លួន ភ្លាមៗក្រោយទទួលបានបណ្តឹងពីជនរងគ្រោះ លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន បានដឹកនាំកម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌ សហការយ៉ាងជិតស្និទ្ធជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាស្តា និងប៉ុស្តិ៍សន្តិភាព ចុះពិនិត្យកន្លែងកើតហេតុ និងបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់។
រហូតមកដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១៦:៣០នាទី នៅក្នុងភូមិអូរចំណិប ឃុំតាស្តា សមត្ថកិច្ចបានកំណត់អត្តសញ្ញាណ និងឈានទៅឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់ រួមមាន៖
ឈ្មោះ គឿន ចាន់ ភេទប្រុស អាយុ ១៩ឆ្នាំ (ជនដៃដល់ធ្វើសកម្មភាពលួច)
ឈ្មោះ សុះ ជា ហៅ ខា ភេទប្រុស អាយុ ៣៤ឆ្នាំ (បក្សពួក)
ឈ្មោះ តេន សូរ ភេទប្រុស អាយុ ៣១ឆ្នាំ (បក្សពួក)
ការឆ្លើយសារភាពរបស់ជនសង្ស័យ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ គឿន ចាន់ បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន រួចបានជិះយកទៅទុក និងឱ្យបក្សពួកឈ្មោះ ភុត ហៅ ពុធ
អាយុប្រហែល ៣៥ឆ្នាំ និងឈ្មោះ ស ជា យកទៅលក់។ បន្ទាប់ពីលក់បានហើយ ឈ្មោះ ភុត បានចែកប្រាក់ឱ្យខ្លួនចំនួន ១០០,០០០ រៀល ហើយថែមទាំងបានទិញថ្នាំញៀន (ម៉ាទឹកកក) យកមកជក់ជុំគ្នាទៀតផង។
បច្ចុប្បន្ន កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំង ០៣នាក់ ទៅកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ និងកំពុងបន្តស្រាវជ្រាវតាមស្វែងរកបក្សពួកម្នាក់ទៀត (ឈ្មោះ ភុត) ផងដែរ។
សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីយកចិត្តទុកដាក់ ភាពរហ័សរហួន និងកិច្ចខិតខំប្រឹងប្រែងរបស់កម្លាំងនគរបាលស្រុកសំពៅលូន ក្រោមការចង្អុលបង្ហាញពីថ្នាក់ដឹកនាំស្នងការដ្ឋាន ដែលបានបំបែកសំណុំរឿងនេះយ៉ាងមានប្រសិទ្ធភាព និងទាន់ពេលវេលា ដើម្បីការពារទ្រព្យសម្បត្តិ និងផ្តល់យុត្តិធម៌ជូនប្រជាពលរដ្ឋ។ ផ្សារក្រើនរំលឹកដល់ជនល្មើស អំពើចោរកម្ម និងការជួញដូរ/ប្រើប្រាស់គ្រឿងញៀន គឺជាអំពើខុសច្បាប់ដែលបំផ្លាញទាំងអនាគតខ្លួនឯង គ្រួសារ និងសង្គមជាតិ។ “សាបព្រោះអ្វី នឹងប្រមូលផលនោះ” — គ្មានអំពើល្មើសណាមួយអាចគេចផុតពីសំណាញ់ច្បាប់ និងការតាមប្រមាញ់របស់សមត្ថកិច្ចបានឡើយ។
សារជូនប្រជាពលរដ្ឋ សូមបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀតក្នុងការថែរក្សាទ្រព្យសម្បត្តិផ្ទាល់ខ្លួន ដោយត្រូវចាក់សោរឱ្យបានត្រឹមត្រូវ និងគត់ចត់ មិនត្រូវធ្វេសប្រហែសទុកចោលនៅកន្លែងស្ងាត់ឡើយ។ សម្រួលអត្ថបទ÷ដោយលោក មុត ចិត្រា ហៅប្រម៉ាញ់ជាយដែន


