មេឈ្មួញថ្លើមធំ ផ្កើនបទបញ្ជាថ្នាក់ដឹកនាំលួចនាំចូលសាច់បង្កកខុសច្បាប់ជាង ១ តោនឆ្លងដែន នៅស្រុកម៉ាឡៃប្រជាពលរដ្ឋស្នើសុំអាជ្ញាធរវែកមុខចាប់ខ្លួនមេខ្លោងមកផ្ដន្ទាទោស

​ខេត្តបន្ទាយមានជ័យ÷ ទោះបីជាមានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីសំណាក់ថ្នាក់ដឹកនាំ ក្នុងការទប់ស្កាត់រាល់បទល្មើសឆ្លងដែនខុសច្បាប់យ៉ាងណាក៏ដោយ ក៏ក្រុមមេឈ្មួញខិលខូចមួយចំនួននៅតែបង្ហាញភាពថ្លើមធំ ហ៊ានប្រព្រឹត្តអំពើល្មើសច្បាប់ និងផ្គើននឹងបទបញ្ជាយ៉ាងស្ទើរតែមិនកោតក្រែងសមត្ថកិច្ចបន្តិចសោះឡើយ។
​ជាក់ស្តែង នៅព្រឹកព្រលឹមថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ០៥:៥០នាទី កម្លាំងសមត្ថកិច្ចចម្រុះបានចុះល្បាត និងស្ទាក់ចាប់បាននូវករណីលួចដឹកជញ្ជូនសាច់បង្កក់ចម្រុះខុសច្បាប់ចំនួន ៩៣កេស ស្មើនឹង ១,១១៦គីឡូក្រាម ដែលត្រូវបានគេនាំចូលពីប្រទេសថៃ ចូលមកក្នុងទឹកដីកម្ពុជា នៅត្រង់ចំណុចភូមិក្បាលស្ពាន ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
​ប្រតិបត្តិការល្បាត និងបង្ក្រាបនេះ ដឹកនាំដោយលោកវរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការកងរាជអាវុធហត្ថស្រុកម៉ាឡៃ ដោយមានការសហការគ្នាយ៉ាងសកម្មរវាងកម្លាំងសមត្ថកិច្ចយោធាកងពលតូចលេខ៥១, នគរបាលការពារព្រំដែន៨១៥ និងកម្លាំងកងរាជអាវុធហត្ថស្រុកម៉ាឡៃ។
​ទាក់ទិននឹងសកម្មភាពលួចនាំចូលសាច់បង្កក់ខុសច្បាប់ គ្មានស្លាកសញ្ញា និងគ្មានការត្រួតពិនិត្យលក្ខណៈបច្ចេកទេស ឬអនាម័យត្រឹមត្រូវនេះ បានស្តែងឱ្យឃើញយ៉ាងច្បាស់ពីចេតនាទុច្ចរិតរបស់ក្រុមឈ្មួញ ដែលគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន ដោយមើលរំលងទោសទណ្ឌតាមផ្លូវច្បាប់ និងមើលស្រាលដល់សុខមាលភាពរបស់ប្រជាពលរដ្ឋ។ ការនាំចូលទំនិញខូចគុណភាព ឬអត់ច្បាប់បែបនេះ គឺជាហានិភ័យដ៏ធ្ងន់ធ្ងរបំផុតចំពោះសុខភាពសាធារណៈ។
​ជុំវិញករណីនេះ ប្រជាពលរដ្ឋ និងមហាជននៅក្នុងខេត្តបន្ទាយមានជ័យ បានសម្តែងការក្តៅក្រហាយ និងដាក់ការសង្ស័យជាខ្លាំងចំពោះភាពក្លាហានខុសធម្មតារបស់ក្រុមមេឈ្មួញទាំងនោះ។ ជាមួយគ្នានេះ ប្រជាពលរដ្ឋបានទទូច និងអំពាវនាវយ៉ាងទទូចដល់អាជ្ញាធរពាក់ព័ន្ធ ជាពិសេសថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ សូមមេត្តាបើកការស៊ើបអង្កេត និងស្រាវជ្រាវយ៉ាងស៊ីជម្រៅ ដើម្បីវែកមុខរក «មេខ្លោង» ឬអ្នកពាក់ព័ន្ធពីក្រោយខ្នង យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុត ដោយមិនត្រូវលើកលែងឱ្យឡើយ ដើម្បីពង្រឹងប្រសិទ្ធភាពច្បាប់ និងការពារសុខភាពប្រជាពលរដ្ឋឱ្យបានពិតប្រាកដ។រាយការណ៍ដោយ លោក សឿន វ៉ាន់ម៉ាន់លី