អាជ្ញាធរស្រុកភ្នំព្រឹកចុះបង្ក្រាបទីតាំងធ្វើអាជីវកម្មរ៉ែមាសខុសច្បាប់មួយកន្លែង និងសំណួរចោទសួរអំពីប្រសិទ្ធភាពនៃការការពារបរិស្ថាន

​ខេត្តបាត់ដំបង÷ នៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ លោក សុង សុភ័ក្រ្ត អភិបាលនៃគណៈអភិបាលស្រុកភ្នំព្រឹក បានចាត់តាំងលោក យិន សារឿន  អភិបាលរងស្រុក សហការជាមួយលោក ស៊ុន ស៊ីធួន ប្រធានការិយាល័យធនធានរ៉ែ នៃមន្ទីររ៉ែ និងថាមពលខេត្តបាត់ដំបង ដឹកនាំកម្លាំងចម្រុះ ចុះពិនិត្យទីតាំងធ្វើអាជីវកម្មរ៉ែមាសខុសច្បាប់មួយកន្លែង របស់ឈ្មោះ ឆាយធួន  ដែលស្ថិតនៅក្នុងភូមិភ្នំព្រឹក ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក។
លទ្ធផលនៃការត្រួតពិនិត្យជាក់ស្ដែង
​ក្នុងប្រតិបត្តិការនោះ ក្រុមការងារចម្រុះបានរកឃើញភស្តុតាង និងសម្ភារបន្សល់ទុកនៅទីតាំងកើតហេតុ រួមមាន៖
​គំនូររ៉ែចាស់  ចំនួន ១គំនរ (ប្រមាណ ៥ម៉ែត្រគូប) ដីក្រហមមានសន្ទស្សន៍រ៉ែ
ចំនួន ១គំនរ
​អាងត្រាំរ៉ែ ចំនួន ១កន្លែង
​រោងដាក់ម៉ាស៊ីន ចំនួន ១ខ្នង (ដោយម៉ាស៊ីនត្រូវបានគេដកហូត ឬដឹកចេញបាត់)
​ មានស្លាកស្នាមកាយ និងចម្រាញ់ ប៉ុន្តែសកម្មភាពត្រូវបានផ្អាកជាបណ្តោះអាសន្ន មុនពេលសមត្ថកិច្ចទៅដល់។វិធានការឆ្លើយតបរបស់អាជ្ញាធរ​ក្រោយការពិនិត្យជុំវិញទីតាំង ក្រុមការងារបានសម្រេចអនុវត្តវិធានការច្បាប់ចំពោះម្ចាស់ទីតាំងដូចតទៅ៖
​ ធ្វើកិច្ចសន្យាបង្ខំឱ្យបញ្ឈប់រាល់សកម្មភាពអាជីវកម្មខុសច្បាប់នេះជាបន្ទាន់។
​ការផ្ដាន់ទាទោស ពិន័យជាប្រាក់ចំនួន ១,៥០០០០០រៀល (មួយលាន ប្រាំសែនរៀល) ចូលថវិការដ្ឋ ផ្អែកតាម មាត្រា ៣៥(ថ្មី)នៃច្បាប់ស្តីពីការគ្រប់គ្រង និងការធ្វើអាជីវកម្មធនធានរ៉ែ។
​ការស្ដារបរិស្ថាន  បង្ខំឱ្យម្ចាស់ទីតាំងកាយឈូសឆាយ និងស្តារបរិស្ថានជុំវិញឱ្យបានស្អាតល្អប្រសើរឡើងវិញ។
​ការព្រមាន ប្រសិនបើមានការលួចលាក់ធ្វើសកម្មភាពសារជាថ្មី អាជ្ញាធរនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ជាធរមាន។ ទស្សនៈរិះគន់ដើម្បីស្ថាបនា”ទប់ស្កាត់មុនកើតហេតុប្រសើរជាងបង្ក្រាបពេលខូចខាត”
​ទោះបីជាចំណាត់ការក្តៅគគុករបស់អាជ្ញាធរស្រុកភ្នំព្រឹក និងមន្ទីរជំនាញទទួលបានការគាំទ្រពីសាធារណជនយ៉ាងណាក៏ដោយ ក៏ព្រឹត្តិការណ៍នេះបានចោទជាសំណួរ និងចំណុចគួរពិចារណាមួយចំនួនក្នុងន័យស្ថាបនា
ប្រសិទ្ធភាពនៃការទប់ស្កាត់ជាមុន÷ ការដែលអាជីវកម្មរ៉ែមាសខុសច្បាប់មួយនេះ អាចដំណើរការរហូតមាន ” អាងត្រាំរ៉ែ”និង «គំនររ៉ែ» ច្រើនម៉ែត្រគូបបែបនេះ បង្ហាញថា សកម្មភាពនេះបានកើតឡើងមួយរយៈមកហើយ។ តើមានការចន្លោះប្រហោងក្នុងការឃ្លាំមើលពីថ្នាក់មូលដ្ឋាន (ភូមិ-ឃុំ) ឬយ៉ាងណា?
ហហានិភ័យសារធាតុគីមីនិងបរិស្ថាន ការធ្វើអាជីវកម្មរ៉ែមាសដោយគ្មានលក្ខណៈបច្ចេកទេស និងគ្មានអាជ្ញាប័ណ្ណ ច្រើនតែប្រើប្រាស់សារធាតុគីមីគ្រោះថ្នាក់ (ដូចជា ស៊ីយ៉ានួ ឬបារ៉ត) ក្នុងអាងត្រាំរ៉ែ។ អាជ្ញាធរគួរតែមានវិធានការពិនិត្យគុណភាពដី និងប្រភពទឹកជុំវិញនោះ ដើម្បីធានាថាគ្មានការជ្រាបសារធាតុពុល ប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋក្នុងតំបន់។
កម្រិតនៃទោសទណ្ឌការពិន័យជាប្រាក់ ១.៥លានរៀល អាចនឹងតិចតួចបើប្រៀបធៀបទៅនឹងផលចំណេញដែលបានមកពីការកាយរ៉ែមាសខុសច្បាប់ ឬទំហំនៃការខូចខាតបរិស្ថាន។ ដើម្បីឱ្យក្លាយជាសារព្រមានដល់ជនខិលខូចផ្សេងទៀត អាជ្ញាធរគួរតែបន្តតាមដានការស្តារបរិស្ថានឡើងវិញឱ្យបានម៉ឺងម៉ាត់បំផុត និងកុំទុកឱ្យ «កិច្ចសន្យា» ក្លាយជាក្រដាសមួយសន្លឹកឡើយ។
​រំពឹងថា ចំណាត់ការលើកនេះ នឹងក្លាយជាគំរូមួយក្នុងការរឹតបន្តឹងការគ្រប់គ្រងធនធានធម្មជាតិនៅក្នុងស្រុកភ្នំព្រឹក ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។សម្រួលអត្ថបទ÷ដោយលោក មុត ចិត្រា ហៅ ប្រម៉ាញ់ជាយដែន