លឿនដូចផ្លេកបន្ទោរ សមត្ថកិច្ចស្រុកសំរោងទងបង្ក្រាបក្រុមចោរកាច់កម៉ូតូនិងគាស់ផ្ទះយ៉ាងសកម្ម ៣ នាក់ក្រោយធ្វើសកម្មភាពក្តៅៗ

​ខេត្តកំពង់ស្ពឺ÷ក្រោមការបញ្ជាដឹកនាំយ៉ាងម៉ឺងម៉ាត់ពី លោកឧត្តមសេនីយ៍ទោ ឃឹម សុក ខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងមានការចង្អុលបង្ហាញផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី សម សាក់ ស្នងការរងទទួលផែនព្រហ្មទណ្ឌ កម្លាំងនគរបាលស្រុកសំរោងទង បានបង្ហាញពីភាពស្វាហាប់ និងវិជ្ជាជីវៈខ្ពស់ ដោយបានសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ រហូតឈានទៅបង្ក្រាប និងឃាត់ខ្លួនក្រុមចោរកាច់កម៉ូតូ និងគាស់ផ្ទះយ៉ាងសកម្មចំនួន ៣នាក់ ភ្លាមៗក្រោយពេលពួកគេធ្វើសកម្មភាព។
​ប្រតិបត្តិការដ៏ស្រួចស្រាវនេះ បានធ្វើឡើងនៅវេលាម៉ោង ១៥:២០នាទី ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៦ នៅចំណុចព្រៃខាងជើងភូមិបន្លាស្អិត ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
មុនពេលកើតហេតុ វេលាម៉ោងប្រមាណ ១៥:០០នាទី ជនសង្ស័យមួយក្រុមបានធ្វើសកម្មភាពលួចកាច់កម៉ូតូម៉ាក Honda Dream C125 ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប 1W-3312 របស់ប្រជាពលរដ្ឋដែលបានទុកចោល ដើម្បីចុះទៅជីកទំពាំងនៅក្នុងព្រៃ។ ប៉ុន្តែចៃដន្យ ត្រូវម្ចាស់ម៉ូតូប្រទះឃើញទាន់ពេល និងបានស្រែកឱ្យអ្នកជិតខាងជួយ។ ពេលឮសំឡេងស្រែក ក្រុមចោរបានផ្តួលម៉ូតូចោល ហើយរត់គេចខ្លួនចូលទៅក្នុងព្រៃ។
​ទទួលបានព័ត៌មានភ្លាមៗ កម្លាំងនគរបាលស្រុកសំរោងទង បានចេញអន្តរាគមន៍យ៉ាងរហ័សទាន់ចិត្ត ដោយសហការជាមួយកម្លាំងប៉ុស្តិ៍ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឡោមព័ទ្ធ និងស្រាវជ្រាវរហូតចាប់ខ្លួនក្រុមជនសង្ស័យបានទាំងស្រុង។ អត្តសញ្ញាណជនសង្ស័យទាំង ៣ ននាក់រួមមាន

១. ឈ្មោះ ថៃ ចាន់ ធូ ភេទប្រុស អាយុ ២៧ឆ្នាំ មានស្រុកកំណើតនៅភូមិព្រៃឈៀង ឃុំឫស្សីសាញ់ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង (មុខរបរ កម្មករសំណង់)។
២. ឈ្មោះ វ៉ាត់ អូន (ហៅ សិទ្ធ) ភេទប្រុស អាយុ ៣១ឆ្នាំ មានស្រុកកំណើតនៅភូមិឫស្សីចក ឃុំព្រៃឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង (មុខរបរ កម្មករសំណង់)។
ជនសង្ស័យទាំងពីរនាក់ខាងលើបច្ចុប្បន្នថ្នាក់នៅបន្ទប់ជួលក្នុង ភូមិព្រីង ឃុំរលាំងចក ស្រុកសំរោងទង់
៣. ឈ្មោះ លី ណារាជ ភេទប្រុស អាយុ ៣៤ឆ្នាំ មានស្រុកកំណើតនៅភូមិស្វាយ ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល (មុខរបរ កម្មករសំណង់ ស្នាក់នៅការដ្ឋានសាងសង់ ភូមិជ្រលងថ្កូវ ឃុំរលាំងចក)។
តាមការសាកសួរយ៉ាងយកចិត្តទុកដាក់ ជនសង្ស័យទាំង ៣នាក់ បានសារភាពជាចំហថា ពួកគេពិតជាបានធ្វើសកម្មភាពលួចកាច់កម៉ូតូខាងលើពិតប្រាកដមែន។ លើសពីនេះ ក្រុមនេះបានសារភាពបន្ថែមថា កន្លងមក ពួកគេធ្លាប់បានធ្វើសកម្មភាពលួចម៉ូតូបានជោគជ័យចំនួន ៤លើក និងគាស់ផ្ទះប្រជាពលរដ្ឋបានចំនួន ៣លើក មកហើយក្នុងតំបន់។
​ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងទុលវីសមុខសំប៉ែតចំនួន ១ (ចំណែកឯសោរអក្សរតេ ដែលជាឧបករណ៍កាច់កម៉ូតូ ត្រូវបានជនសង្ស័យបោះចោលក្នុងព្រៃពេលរត់គេចខ្លួន)។
ស្មារតីទទួលខុសត្រូវនិងកិច្ចសហការគំរូ
ជោគជ័យនៃប្រតិបត្តិការបង្ក្រាបនេះ បានស្តែងឱ្យឃើញយ៉ាងច្បាស់ពីស្មារតីទទួលខុសត្រូវខ្ពស់ ភាពរហ័សរហួន និងកិច្ចសហការយ៉ាងជិតស្និទ្ធរវាង សមត្ថកិច្ចនិងប្រជាពលរដ្ឋ ស្របតាមគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព»។ ការអន្តរាគមន៍ភ្លាមៗរបស់កម្លាំងជំនាញស្រុកសំរោងទង មិនត្រឹមតែអាចទប់ស្កាត់បទល្មើសបានទាន់ពេលវេលាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបោសសម្អាតមុខសញ្ញាចោរកម្មយ៉ាងសកម្ម ដែលតែងតែបង្កការភ័យខ្លាចដល់សន្តិសុខ និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានទៀតផង។
​បច្ចុប្បន្ន ជនសង្ស័យទាំង ៣នាក់ រួមជាមួយវត្ថុតាង ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសំរោងទង កំពុងសាកសួរ និងកសាងសំណុំរឿងដើម្បីបញ្ជូនទៅចាត់ការតាមនីតិវិធីច្បាប់៕សម្រួលអត្ថបទដោយ លោក មុត ចិត្រា ហៅ ប្រម៉ាញ់ជាយដែន