អាណាធិបតេយ្យដឹកអស់ព្រៃនៅស្រុកស្ទោងឡានកូរ៉េ 3A-14 97 ធ្វើសកម្មភាពយ៉ាងរំភើយតើមន្ត្រីជំនាញនិងបរិស្ថានកំពុងសំងំទទួលលាភសក្ការៈ ឬយ៉ាងណា

​ខេត្តកំពង់ធំ÷ ទោះបីជារាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិយ៉ាងណាក្តី ក៏សកម្មភាពកាប់ និងដឹកជញ្ជូនអុសព្រៃយ៉ាងអាណាធិបតេយ្យ ចេញពីតំបន់ដែនជម្រកបរិស្ថាន ស្ថិតក្នុងភូមិពពក ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ នៅតែបន្តកើតមានជារៀងរាល់ថ្ងៃ ដោយគ្មានការកោតញញើតច្បាប់បន្តិចសោះឡើយ។
​ប្រភពព័ត៌មានពីប្រជាពលរដ្ឋក្នុងមូលដ្ឋានបានឱ្យដឹងថា ក្រុមឈ្មួញបាននិងកំពុងសម្រុកកាប់ អាជ្រៀក និងដឹកជញ្ជូនឈើ/អុសព្រៃយកទៅលក់យ៉ាងសុខស្រួល។ ជាក់ស្តែង កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៦ គេបានប្រទះឃើញរថយន្តកូរ៉េ ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ 3A-1497  កំពុងធ្វើសកម្មភាពលើកអុសព្រៃដាក់លើរថយន្តយ៉ាងរំភើយ និងដឹកជញ្ជូនចេញដោយរលូន ហាក់បីដូចជាគ្មានការកោតខ្លាចច្បាប់ ឬសមត្ថកិច្ចជំនាញបន្តិចសោះឡើយ។
​ប្រជាពលរដ្ឋបានសម្តែងការងឿងឆ្ងល់ និងដាក់សំនួរចំៗថា “តើហេតុអ្វីបានជារថយន្តដឹកអូសព្រៃខុសច្បាប់ទាំងនេះ
អាចធ្វើសកម្មភាពបានជារៀងរាល់ថ្ងៃដោយ មិនដែលឃើញមន្ត្រីជំនាញឬមន្ត្រីបរិស្ថានប្រចាំការនៅក្បែរនោះ ចុះទុកកាត់ឬបង្ក្រាបទាល់តែសោះ” តើនេះជាចេតនាមើលមិនឃើញ ឬមួយក៏មានការ «ឃុបឃិតជាប្រព័ន្ធ» និង «សែនព្រេនមាន់ស្ងោរ»
​ទង្វើអសកម្ម និងការបើកដៃរបស់ក្រុមមន្ត្រីប្រចាំការទាំងនោះ កំពុងតែដើរផ្ទុយស្រឡះទាំងស្រុងពីអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែក្រើនរំលឹក និងតម្រង់ទិសដល់មន្ត្រីគ្រប់លំដាប់ថ្នាក់ឱ្យប្រកាន់ខ្ជាប់នូវ អភិក្រមទាំង៥ («ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់») ព្រមទាំង “យុទ្ធសាស្ត្របញ្ចាកោន”  ដែលចាត់ទុកអភិបាលកិច្ចល្អ និងភាពស្អាតស្អំជាស្នូលនៃការដឹកនាំ។
​អាស្រ័យហេតុនេះ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន សូមទទូច និងអំពាវនាវយ៉ាងទទូចដល់ ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ លោកប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ និងលោកប្រធានមន្ទីរកសិកម្មរុក្ខប្រមាញ់និងនេសាទខេត្តកំពង់ធំ។ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ មេត្តាចាត់វិធានការក្តៅ និងចុះស្រាវជ្រាវបង្ក្រាបបទល្មើសព្រៃឈើនៅតំបន់នោះជាបន្ទាន់។ ប្រសិនបើតំបន់ការពារធម្មជាតិនេះ នៅតែបន្តបណ្តែតបណ្តោយឱ្យឈ្មួញកាប់បំផ្លាញតាមអំពើចិត្ត នោះធនធានធម្មជាតិ និងព្រៃឈើបៃតងដ៏ស្រស់បំព្រងដែលជាសម្បត្តិរបស់រដ្ឋ នឹងត្រូវរលាយហិនហោចនាពេលឆាប់ៗខាងមុខនេះជាមិនខាន។ សសេចក្តីរាយការណ៍របស់អង្គភាពសារព័ត៌មាន
អង្គភាពគេហទំព័រ “ប្រម៉ាញ់ជាយដែនTV” យើងខ្ញុំ ផ្សព្វផ្សាយព័ត៌មាននេះ ក្នុងន័យរិះគន់ដើម្បីស្ថាបនា និងជួយឆ្លុះបញ្ចាំងពីប្រវត្តិហេតុពិតដែលកើតមាននៅក្នុងមូលដ្ឋាន ដើម្បីជម្រាបជូនមហាជន ព្រមទាំងថ្នាក់ដឹកនាំបានជ្រាបជាព័ត៌មានតែប៉ុណ្ណោះ។ អង្គភាពយើងខ្ញុំរីករាយ និងរង់ចាំទទួលការបកស្រាយ ឬបំភ្លឺពីគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលវេលា រៀងរាល់ម៉ោងធ្វើការ ស្របតាមច្បាប់ស្តីពីរបបសារព័ត៌មាន។ សូមអរគុណ!