ខេត្តប៉ៃលិន÷ នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញជួបជុំ និងពិភាក្សាដោយផ្ទាល់ជាមួយប្រជាពលរដ្ឋចំនួន ៤៤គ្រួសារ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ពាក់ព័ន្ធនឹងករណីកាន់កាប់ និងទន្ទ្រានដីរដ្ឋក្នុងដែនគម្របព្រៃឈើភ្នំជ្រូក ស្ថិតក្នុងភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន សំដៅទប់ស្កាត់ការបំផ្លាញធនធានព្រៃឈើធម្មជាតិរបស់រដ្ឋឱ្យបានទាន់ពេលវេលា។
ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត អភិបាលខេត្ត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយភព្វវិស័យរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តែងតែផ្តល់អាទិភាព និងយកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រងធនធានធម្មជាតិ និងការដោះស្រាយវិវាទដីធ្លី។ កិច្ចការនេះតម្រូវឱ្យមានការចូលរួមប្រកបដោយការទទួលខុសត្រូវខ្ពស់ពីគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ទាំងការរៀបចំក្របខ័ណ្ឌគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តិ ដើម្បីធានាបាននូវប្រសិទ្ធភាពក្នុងការអនុវត្ត ដោយឡែករដ្ឋបាលថ្នាក់ក្រោមជាតិត្រូវតែខិតខំអនុវត្តនូវគោលការណ៍ និងវិធានការនានាឱ្យបានម៉ឺងម៉ាត់បំផុត។
ជាមួយគ្នានេះ លោកជំទាវបណ្ឌិត បានអំពាវនាវ និងណែនាំយ៉ាងម៉ឺងម៉ាត់ដល់ប្រជាពលរដ្ឋ ឱ្យបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពទន្ទ្រានកាន់កាប់ដីខុសច្បាប់ មិនថាជាដីសហគមន៍ព្រៃឈើ ដីគម្របព្រៃឈើ ឬដីតំបន់ការពារធនធានធម្មជាតិនោះឡើយ ដោយមិនត្រូវយកលេសខ្វះខាតដីបង្កបង្កើនផល ដើម្បីរំលោភបំពានយកដីរដ្ឋធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដែលនាំឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិច្ចអភិរក្ស និងបាត់បង់ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋនោះទេ។
បន្ថែមលើសពីនេះ លោកជំទាវបណ្ឌិត បាន ស្រីមុំ បានជំរុញឱ្យអាជ្ញាធរមូលដ្ឋាន បង្កើនកិច្ចសហការឱ្យកាន់តែជិតស្និទ្ធជាមួយ៖
មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្តមន្ទីរបរិស្ថានខេត្តមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រមទាំងកងកម្លាំង និងសមត្ថកិច្ចជំនាញពាក់ព័ន្ធកិច្ចសហការនេះ គឺដើម្បីរួមគ្នាទប់ស្កាត់ និងបង្ក្រាបឱ្យបានទាន់ពេលវេលានូវសកម្មភាពកាប់ឆ្ការ ដុត ឈូសឆាយ ឬហ៊ុមព័ទ្ធដីព្រៃក្នុងតំបន់ការពារ និងអភិរក្សនានា។ លោកជំទាវក៏បានព្រមានធ្ងន់ៗផងដែរថា រាល់មន្ត្រី ឬអាជ្ញាធរណាដែលឃុបឃិតគ្នាបង្កើនការទន្ទ្រានយកដីរដ្ឋ ឬដីប្រជាពលរដ្ឋ នឹងត្រូវប្រឈមមុខនឹងទោសទណ្ឌតាមច្បាប់យ៉ាងធ្ងន់ធ្ងរបំផុត ដោយគ្មានការលើកលែងឡើយ៕ ដោយលោក ស សារ រឿន

