រដ្ឋបាលខេត្តប៉ៃលិនបើកកិច្ចប្រជុំសាមញ្ញលើកទី២៧ ជំរុញការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋនិងយកចិត្តទុកដាក់ខ្ពស់លើពលករត្រឡប់មកពីប្រទេសថៃ

ខេត្តប៉ៃលិន÷នាព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៦ ក្រុមប្រឹក្សាខេត្តប៉ៃលិន បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ របស់ខ្លួន ដើម្បីពិនិត្យ អនុម័ត និងពិភាក្សាលើរបៀបវារៈសំខាន់ៗចំនួន ៦ ក្នុងទិសដៅពង្រឹងប្រសិទ្ធភាពការងារដឹកនាំ និងអភិវឌ្ឍន៍មូលដ្ឋាន។
​កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ជា ចាន់ឌិនប្រធានក្រុមប្រឹក្សាខេត្ត និង លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត, គណៈអភិបាលខេត្ត, នាយក-នាយករងរដ្ឋបាល, ប្រធានមន្ទីរ-អង្គភាពស្ថាប័នជុំវិញខេត្ត ព្រមទាំងអាជ្ញាធរក្រុង-ស្រុកជាច្រើនរូប។
របៀបវីរៈសំខាន់ៗដែលត្រូវបានពិនិត្យនិងអនុម័ត
​នៅក្នុងអង្គប្រជុំ សមាជិកទាំងអស់បានរួមគ្នាក្នុងការពិនិត្យ ពិភាក្សា និងអនុម័តលើចំណុចស្នូលចំនួន ៦ រួមមាន៖
១. សេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤។
២. សេចក្តីប្រកាសព្រាងរបាយការណ៍ ស្តីពីការអនុវត្តការងារប្រចាំខែកក្កដា ឆ្នាំ២០២៦ និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្ត។
៣. ការកែសម្រួលសមាសភាពគណៈកម្មការសំខាន់ៗរួមមាន
​គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មខេត្ត។
​គណៈកម្មាធិការគ្រប់គ្រងដីរដ្ឋខេត្ត។
​ក្រុមការងារពិនិត្យសំណង់ និងចុះបញ្ជីដីធ្លីមានលក្ខណៈបំពេញបន្ថែមជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខេត្ត។
៤. សេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការកែសម្រួលប្រការ១ នៃសេចក្តីសម្រេចលេខ ០៣៨/២៤ សសរ (ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤) ស្តីពីការបង្កើតគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តប៉ៃលិន។
៥. ពាក្យសុំច្បាប់ របស់ ឯកឧត្តម សុទ្ធ ឃុនថាល សមាជិកក្រុមប្រឹក្សាខេត្តប៉ៃលិន។
៦. បញ្ហាផ្សេងៗ ពាក់ព័ន្ធនឹងការងាររដ្ឋបាល និងការអភិវឌ្ឍ។
ចាត់វិធានការចំពោះសុខទុក្ខពលករនិងការដោះស្រាយបញ្ហាមូលដ្ឋាន
​ថ្លែងក្នុងឱកាសនោះ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានដាក់ចេញនូវអនុសាសន៍ណែនាំយ៉ាងម៉ឺងម៉ាត់ដល់មន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋានក្រុង-ស្រុក ឱ្យយកចិត្តទុកដាក់ពិនិត្យ និងដោះស្រាយរាល់បញ្ហាប្រឈមរបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ដោយមិនត្រូវទុកចោលឡើយ។
​លោកជំទាវបណ្ឌិត បានគូសបញ្ជាក់ជាពិសេសអំពី “សុខទុក្ខនិងជីវភាពរស់នៅរបស់បងប្អូនពលករ” ដែលទើបធ្វើដំណើរត្រឡប់មកពីប្រទេសថៃ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ដោយតម្រូវឱ្យគ្រប់ភាគីពាក់ព័ន្ធសហការគ្នាសម្របសម្រួល ផ្តល់កិច្ចអន្តរាគមន៍ និងស្វះស្វែងរកឱកាសការងារជូនពួកគាត់តាមបណ្តាក្រុមហ៊ុននានា ដើម្បីធានាបាននូវប្រភពចំណូល និងស្ថិរភាពជីវភាពគ្រួសារ។
​ទន្ទឹមនឹងនេះ លោកជំទាវអភិបាលខេត្ត ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ ដែលបានបំពេញភារកិច្ចដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការ៖
​ការពារបូរណភាពទឹកដី និងថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ។ បង្ក្រាបបទល្មើសប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ប្រកបដោយប្រសិទ្ធភាព។
​ផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋបានល្អប្រសើរ និងចូលរួមស្ថាបនាហេដ្ឋារចនាសម្ព័ន្ធអភិវឌ្ឍន៍មូលដ្ឋាន ស្របតាមគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ការវាយតម្លៃខ្ពស់ពីប្រធានក្រុមប្រឹក្សាខេត្ត ​ជាកិច្ចបូកសរុប ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន បានកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះគណៈអភិបាលខេត្ត ដែលមាន លោកជំទាវបណ្ឌិត បាន ស្រីមុំ ជាប្រមុខដឹកនាំ ក្នុងការខិតខំប្រឹងប្រែងដោះស្រាយបញ្ហាប្រឈមនានាជូនពលរដ្ឋ ការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ មានសុវត្ថិភាព» បានយ៉ាងល្អប្រសើរ និងការកែប្រែមុខមាត់ខេត្តប៉ៃលិនឱ្យមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស។
​ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានបន្ថែមថា ការប្រែប្រួលយ៉ាងសកម្មនេះ បានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកម្សាន្ត និងពោលពាក្យសរសើរមិនដាច់ពីមាត់។ ជាចុងក្រោយ ឯកឧត្តមបានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ត្រូវបន្តស្មារតីខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីបម្រើផលប្រយោជន៍ និងឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕ដោយលោក ស សារឿន