ប៉ុន្មានថ្ងៃមកនេះ នៅលើបណ្តាញសង្គម Facebook មានការផ្ទុះប្រតិកម្មយ៉ាងខ្លាំងពីសំណាក់បងប្អូនអ្នកសារព័ត៌មាន បន្ទាប់ពីមន្ត្រីចូលនិវត្តន៍ម្នាក់ បានចេញមុខនិយាយពាក្យសម្តីប្រមាថ និងមើលងាយដល់តម្លៃរបស់អ្នកកាសែត។ មន្ត្រីរូបនោះបានលើកឡើងក្នុងន័យបង្អួតទ្រព្យសម្បត្តិ ឡានទំនើប ម្ហូបឆ្ងាញ់ និងវីឡាស្កឹមស្កៃ ដោយប្រៀបធៀបទៅនឹងអ្នកសារព័ត៌មានដែលបំពេញភារកិច្ចតាមលទ្ធភាព និងជីវភាពជាក់ស្តែង។
ទង្វើនេះបានចោទជាសំនួរធំៗនៅក្នុងសង្គម៖ តើប្រាក់ខែ និងប្រភពចំណូលផ្លូវការរបស់មន្ត្រីរាជការម្នាក់ អាចបង្កើតបាននូវទ្រព្យសម្បត្តិស្តុកស្តម្ភដល់ថ្នាក់នេះដែរឬទេ? សង្គមមិនបានច្រណែននឹងភាពមានបានរបស់បុគ្គលរូបណាម្នាក់ឡើយ ប៉ុន្តែអ្វីដែលមហាជន និងអ្នកសារព័ត៌មានទទួលយកមិនបាន គឺ «អាកប្បកិរិយាមើលងាយមហាជន និងអ្នកសារព័ត៌មាន» ដែលជាអាកប្បកិរិយាខ្វះសីលធម៌ និងគ្មានការគោរពទាល់តែសោះ។
ក្នុងនាមជាអតីតមន្ត្រីរាជការ ដែលធ្លាប់ទទួលការអប់រំ និងការណែនាំពីថ្នាក់ដឹកនាំ បុគ្គលរូបនេះគួរតែធ្វើជាគំរូល្អនៅក្នុងសង្គម មិនមែនយកទ្រព្យសម្បត្តិមកធ្វើជាអាវក្រោះ ដើម្បីមើលងាយអ្នកដទៃបែបនេះឡើយ។ ការនិយាយស្តីដោយគ្មានការពិចារណា អាងតែខ្លួនមានលុយ ឡាន និងវីឡា គឺជា «គំរូដ៏អាក្រក់» ក្នុងសង្គម និងជាការបាត់បង់សីលធម៌ក្នុងនាមជាមនុស្ស។
ការរិះគន់នេះ ធ្វើឡើងក្នុងន័យស្ថាបនា ដើម្បីរំលឹកស្មារតីដល់បុគ្គលគ្រប់រូប ជាពិសេសអតីតមន្ត្រីរាជការ ឱ្យចេះផ្តល់តម្លៃ និងគោរពមុខរបររបស់អ្នកដទៃ។ ត្រូវចាំថា ទ្រព្យសម្បត្តិ និងសម្ភារក្រៅខ្លួន មិនអាចទិញកិត្តិយស និងសេចក្តីថ្លៃថ្នូរបានឡើយ ប្រសិនបើការនិយាយស្តី និងទង្វើនៅតែខ្វះការអប់រំ និងសីលធម៌បែបនេះ។រៀបចំអត្ថបទ។ករណីលើមន្ត្រីចូលវត្តប្រើពាក្យអសុរោះ ខ្ញុំសូមរិះគន់ក្នុងន័យស្ថាបនា



