​ កម្លាំងនគរបាលក្រុងប៉ោយប៉ែតបង្ក្រាប និងឃាត់ខ្លួនជនជាតិចិន ៧នាក់ ព្រមទាំងដកហូតកាំភ្លើងខ្លី និងគ្រឿងញៀនជាច្រើនមុខ

​ខេត្តបន្ទាយមានជ័យ÷ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពី លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងក្រោមការដឹកនាំចង្អុលបង្ហាញផ្ទាល់ពី លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត កម្លាំងសមត្ថកិច្ចចម្រុះតែងតែបានខិតខំប្រឹងប្រែងបំពេញភារកិច្ចទាំងយប់ទាំងថ្ងៃដូចភ្លៀងរលឹម ដើម្បីការពារសន្តិសុខ សុវត្ថិភាព និងភាពសុខសាន្តជូនប្រជាពលរដ្ឋ។
​ជាលទ្ធផលនៃការខិតខំមិនខ្លាចនឿយហត់នេះ កាលពីថ្ងៃអង្គារ ទី០៤ ខែសីហា ឆ្នាំ២០២៦ កម្លាំងជំនាញប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយ លោកវរសេនីយ៍ទោ កែវ ដូល អធិការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត សហការជាមួយកម្លាំងនគរបាលយុត្តិធម៌ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បានចុះស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតឈានដល់ការត្រួតពិនិត្យទីតាំងផ្ទះជួលមួយកន្លែង នៅម្តុំផ្សារកណ្តាល ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
​នៅក្នុងប្រតិបត្តិការល្បាត និងបង្ក្រាបបទល្មើសយ៉ាងក្តៅគគុកនេះ កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យជាជនបរទេស (ជាតិចិន) សរុបចំនួន
០៧នាក់ (ស្រី០២នាក់) ព្រមទាំងដកហូតបាននូវអាវុធ និងវត្ថុតាងបទល្មើសជាច្រើនរួមមាន៖ គ្រឿងញៀន និងអាវុធ
​ម្សៅក្រាមសថ្លា សង្ស័យជាសារធាតុញៀន ចំនួន ០១កញ្ចប់តូច
​ថ្នាំគ្រាប់ពណ៌ក្រហម (មានអក្សរ WY) សង្ស័យជាសារធាតុញៀន ចំនួន ០២គ្រាប់
​ថ្នាំកញ្ចប់ពណ៌ខ្មៅ (មានអក្សរចិន) សង្ស័យជាសារធាតុញៀន ចំនួន ០២កញ្ចប់
​ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន
​កាំភ្លើងខ្លី ០១ដើម (ពណ៌ស, បង់ ០១, គ្រាប់ ០១ និងសំបកគ្រាប់ ០១)
សម្ភារៈនិងថវិកាពាក់ព័ន្ធ
6. ទូរស័ព្ទដៃ ចំនួន ០៧គ្រឿង
7. លិខិតឆ្លងដែន ចំនួន ០១ក្បាល និងកាតចិន ចំនួន ០៤សន្លឹក
8. ប្រាក់ដុល្លារអាមេរិក ចំនួន ៨០០ដុល្លារ ($800)
9. ប្រាក់រៀលខ្មែរ ចំនួន ១,០០៦,៥០០រៀល
10. រថយន្ត ០១គ្រឿង ម៉ាក Jeep ពណ៌ខ្មៅ (ពាក់ស្លាកលេខ កម្ពុជា 2HTL-6767)
​ក្រោយប្រតិបត្តិការឃាត់ខ្លួន កម្លាំងជំនាញបានបញ្ជូនជនសង្ស័យទាំង ០៧នាក់ មកកាន់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីធ្វើការសាកសួរ និងពិនិត្យទឹកនោមស្វែងរកសារធាតុញៀន។ ជាលទ្ធផល បង្ហាញថាជនសង្ស័យទាំង ០៧នាក់ មានសារធាតុមានក្នុងខ្លួនវិជ្ជមាន(+)ទាំងអស់។
​ស្នាដៃនៃការចុះបង្ក្រាបករណីខាងលើនេះ បានស្តែងឱ្យឃើញយ៉ាងច្បាស់ពីស្មារតីទទួលខុសត្រូវខ្ពស់ និងការលះបង់យ៉ាងសកម្មរបស់កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដែលតែងតែចុះល្បាត ស្រាវជ្រាវ និងបង្ក្រាបរាល់បទល្មើសផ្សេងៗ មិនថាករណីគ្រឿងញៀន ចោរលួច ឆក់ ប្លន់ ទ្រព្យសម្បត្តិប្រជាពលរដ្ឋ ឬក្រុមក្មេងទំនើងបង្កអសន្តិសុខក្នុងសង្គមឡើយ ដើម្បីធានាបាននូវគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព»។
​បច្ចុប្បន្ន ជនសង្ស័យប្រុសស្រីទាំង ០៧នាក់ ព្រមទាំងវត្ថុតាងទាំងអស់ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕សម្រួលអត្ថបទ÷ដោយ លោកមុខចិត្រា ហៅ ប្រម៉ាញ់ជាយដែន