ខេត្តបន្ទាយមានជ័យ÷ រឿងរ៉ាវដ៏សែនក្ដុកក្ដួល និងគួរឲ្យសោកស្តាយមួយបានកើតឡើងនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ខណៈដែលប្រជាពលរដ្ឋខ្មែរម្នាក់ត្រូវបានកងកម្លាំងទាហានថៃធ្វើការឃាត់ខ្លួនភ្លាមៗ ពេលកំពុងលួចដឹកជញ្ជូនទំនិញឆ្លងដែនខុសច្បាប់។
យោងតាមប្រភពព័ត៌មានពីមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឆាយ ឆឿន អាយុ ៤១ឆ្នាំ មានទីលំនៅក្នុងភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ គាត់ត្រូវបានកម្លាំងទាហានថៃចាប់ខ្លួន នៅក្នុងភូមិសាស្ត្រឃុំណូនម៉ាក់មុន ស្រុកខោកស៊ូង ខេត្តស្រាកែវ ប្រទេសថៃ ខណៈពេលកំពុងលួចដើរអូសទំនិញ និងគ្រឿងឧបភោគបរិភោគជាច្រើនមុខ (រួមមាន ពងទា ត្រីងៀត និងក្រែមលាបមុខ) ឆ្លងដែនតាមច្រករបៀងធម្មជាតិ។
តាមការបកស្រាយ ការស៊ីឈ្នួលដឹកទំនិញខុសច្បាប់នេះ គឺធ្វើឡើងតាមការចាត់ចែងរបស់ «មេខ្សល់» ម្នាក់ឈ្មោះ ណយ ដើម្បីយកទំនិញទៅប្រគល់ឲ្យស្ត្រីជនជាតិថៃម្នាក់ ដោយទទួលបានប្រាក់កម្រៃបន្តិចបន្តួចត្រឹមតែ ៣០០បាតប្រាក់ថៃ ប៉ុណ្ណោះក្នុងមួយជើង។ ប៉ុន្តែលទ្ធផលចុងក្រោយ គឺត្រូវប្រឈមមុខនឹងការឃាត់ខ្លួន និងទោសទណ្ឌតាមច្បាប់របស់ប្រទេសជិតខាងទៅវិញ។
រលកនៃការរិះគន់ សំណួរចាក់ដោតពីមហាជន
ករណីនេះបានដាស់អារម្មណ៍មហាជន អ្នកតាមដានសង្គម និងពលរដ្ឋនៅតាមតុបាយ-តុកាហ្វេ ឲ្យចោទជាសំណួរយ៉ាងក្តៅគគុកផ្ដោតទៅលើប្រសិទ្ធភាពនៃការបំពេញភារកិច្ចរបស់សមត្ថកិច្ចជួរមុខខ្មែរ៖ ហេតុអ្វីបានជាមានកម្លាំងឈរជើងការពារ និងល្បាតយ៉ាងច្រើនទប់ស្កាត់តាមខ្សែបន្ទាត់ព្រំដែន ប៉ុន្តែឈ្មួញហ្នឹងមេខ្យល់នៅតែអាចនាំទំនិញនិងមនុស្សឆ្លងដែនតាមច្រករបៀងធម្មជាតិបានយ៉ាងរលូន។ តើនេះជាភាពធូររលុងខ្វះការយល់ចិត្តទុកដាក់ឬមួយក៏មានការ”បើកដៃ”ឃុបឃិតគ្នារកផលប្រយោជន៍ជាប្រព័ន្ធ?
បងប៉ះពាល់ និងការអំពាវនាវក្នុងន័យស្ថាបនា
ភាពធូររលុងនៃការត្រួតពិនិត្យតាមព្រំដែន មិនត្រឹមតែបង្កហានិភ័យដល់សុវត្ថិភាព និងកិត្តិយសរបស់ពលរដ្ឋស្លូតត្រង់ដែលរងគ្រោះដោយសារការអូសទាញរបស់មេខ្សល់ប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្យានុភាពជាតិ និងសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនផងដែរ។
ទង្វើអសកម្មទាំងនេះ កំពុងដើរផ្ទុយស្រឡះពីអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែក្រើនរំលឹកដល់មន្ត្រីគ្រប់លំដាប់ថ្នាក់ ឲ្យប្រកាន់ខ្ជាប់នូវ៖
អភិក្រមទាំង៥ («ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់»)
យុទ្ធសាស្ត្របញ្ចាកោណ ដែលចាត់ទុកអភិបាលកិច្ចល្អ និងភាពស្អាតស្អំជាស្នូលនៃសង្គម។
អាស្រ័យហេតុនេះ មហាជនសម្តែងនូវក្តីសង្ឃឹមយ៉ាងមុតមាំ និងស្នើសុំយ៉ាងទទូចដល់ ថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ មេត្តាបើកការអង្កេតស្រាវជ្រាវឲ្យបានស៊ីជម្រៅ រឹតបន្តឹងការល្បាត និងចាត់វិធានការផ្លូវច្បាប់ចំពោះមន្ត្រីខិលខូច(បើមាន)ឱ្យបានមឺងម៉ាត់បំផុតដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារការពារព្រំដែន និងការពារប្រយោជន៍ជូនប្រជាពលរដ្ឋ។
កំណត់សម្គាល់របស់អង្គភាពសារព័ត៌មាន
អង្គភាពគេហទំព័រ “ប្រម៉ាញ់ ជាយដែន TV”ផ្សព្វផ្សាយព័ត៌មាននេះ ក្នុងន័យជាកញ្ចក់ឆ្លុះបញ្ចាំង និងរិះគន់ដើម្បីស្ថាបនា រំលេចពីប្រឹត្តិការណ៍ពិតដែលកើតមាននៅក្នុងមូលដ្ឋានតែប៉ុណ្ណោះ។ យើងខ្ញុំរង់ចាំទទួលការបកស្រាយ ឬបំភ្លឺពីគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលវេលា តាមរបបអ្នកសារព័ត៌មាន។ សូមអរគុណ

