ខេត្តប៉ៃលិន÷ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋនៅតំបន់ព្រំដែន នា റដូវវស្សា រដ្ឋបាលស្រុកសាលាក្រៅ បានសម្រេចបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេ ១ខ្សែ ជំនួសផ្លូវក្រាលកៅស៊ូចាស់ដែលបានរងការខូចខាត។
ពិធីបើកការដ្ឋាននេះ បានប្រព្រឹត្តទៅនាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក សួន ហ៊ីម ប្រធានក្រុមប្រឹក្សាស្រុកសាលាក្រៅ និង លោកសៀ សុខុម អភិបាលនៃគណៈអភិបាលស្រុកសាលាក្រៅ។
ប្លង់បច្ចេកទេសនិងវិសាលភាពនៃគម្រោង
បើតាមការបញ្ជាក់ពី លោក សៀ សុខុម អភិបាលស្រុកសាលាក្រៅ គម្រោងហេដ្ឋារចនាសម្ព័ន្ធនេះជាមូលនិធិឃុំស្ទឹងកាច់ ឆ្នាំ២០២៦ ដោយមានលក្ខណៈបច្ចេកទេសដូចខាងក្រោម៖
ប្រវែង ១.៣៤៤ ម៉ែត្រ,ទទឹង៥ ម៉ែត្រ, កម្រាស់ ០,១៥ ម៉ែត្រ
ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធលូចំនួន ២កន្លែង និងស្លាកសញ្ញាចរាចរណ៍ ១កន្លែង
ទីតាំង តភ្ជាប់ពីភូមិផ្សារព្រំជើង ទៅកាន់ភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន
លោកអភិបាលស្រុក បានគូសបញ្ជាក់ថា អាជ្ញាធរស្រុក និងថ្នាក់ដឹកនាំខេត្ត តែងតែយកចិត្តទុកដាក់ខ្ពស់លើការស្តារ និងកែលម្អផ្លូវធ្វើដំណើរនៅតាមតំបន់ព្រំដែន ដើម្បីជួយសម្រួលដល់ការចរាចរណ៍ និងការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារបានឆាប់រហ័ស។
ក្នុងឱកាសនោះដែរ លោក សៀ សុខុម បានអំពាវនាវដល់ប្រជាពលរដ្ឋនូវចំណុចសំខាន់ៗមួយចំនួន៖
ចូលរួមថែទាំសមិទ្ធផល សូមជួយសហការថែរក្សាផ្លូវទាំងអស់គ្នា ប្រសិនបើឃើញមានការខូចខាតបន្តិចបន្តួច រួសរាន់រាយការណ៍ទៅអាជ្ញាធរភូមិ-ឃុំ ដើម្បីចុះជួសជុលបានទាន់ពេលវេលា ចៀសវាងទុកឱ្យខូចខាតធ្ងន់ធ្ងរ។
រក្សាអនាម័យនិងបរិស្ថាន ពលរដ្ឋដែលមានផ្ទះសំបែងតាមដងផ្លូវ ត្រូវចូលរួមរៀបចំសណ្តាប់ធ្នាប់ គ្របដណ្តប់ និងវេចខ្ចប់សំរាមដាក់ក្នុងធុងឱ្យបានត្រឹមត្រូវ ដើម្បីលើកកម្ពស់ភូមិឃុំប្រកបដោយអនាម័យ និងកាត់បន្ថយជំងឺផ្លូវដង្ហើមផ្សេងៗ។
គោរពច្បាប់ចរាចរណ៍ ត្រូវប្រុងប្រយ័ត្ន និងគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ដើម្បីបង្ការគ្រោះថ្នាក់ដែលនាំឱ្យខាតបង់ទ្រព្យសម្បត្តិ ថវិកា និងអាយុជីវិត៕រាយការណ៍÷ដោយលោក ស សារឿន

