កុំសង្ឃឹមរួចខ្លួន! បង្ក្រាបក្ដៅៗ ក្រុមចោរកាត់ខ្សែភ្លើង៣នាក់ ត្រូវសមត្ថកិច្ចក្រុងសិរីសោភ័ណ “ក្រសោប” ទាំងយប់ ដោយសារតែទម្លាប់អាក្រក់-ញៀនថ្នាំ-បង្កើតក្តីកង្វល់ដល់សង្គម!

​ខេត្តបន្ទាយមានជ័យ÷ ទង្វើទុច្ចរិតឥតខ្មាសអៀន និងជាបន្លារបៀបក្នុងសង្គមដែលតែងតែបង្កការក្តៅក្រហាយដល់ប្រជាពលរដ្ឋ ត្រូវបានកម្លាំងសមត្ថកិច្ចវាយកម្ទេចយ៉ាងទាន់ពេលវេលា! ក្រោមការដឹកនាំ និងបញ្ជាយ៉ាងម៉ឺងម៉ាត់ពី លោកឧត្តមសេនីយ៍ទោ សឿម សារិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ព្រមទាំងការដឹកនាំបញ្ជាផ្ទាល់ពី លោកវរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណ កម្លាំងជំនាញបានបើកប្រតិបត្តិការស្រាវជ្រាវយ៉ាងក្តៅគគុក និងឈានទៅដល់ការបង្រ្កាបក្រុមចោរកាត់ខ្សែភ្លើងចំនួន ៣នាក់ ទាំងយប់អាធ្រាត្រ ដោយបង្កើនការយកចិត្តទុកដាក់ខ្ពស់លើសន្តិសុខ និងទ្រព្យសម្បត្តិសាធារណៈ។
​មុខសញ្ញាខ្ជិលច្រអូស អាត្មានិយម និងបង្កភាពវឹកវរដល់សង្គម
​ក្រុមជនសង្ស័យទាំង ៣នាក់ ដែលអាជ្ញាធរឃាត់ខ្លួនបាន រួមមាន៖
ឈ្មោះ សមិត្ត សុផល អាយុ ១៩ឆ្នាំ
ឈ្មោះ ទិត្យ រស្មី អាយុ ២១ឆ្នាំ
ឈ្មោះ ចុង ជីមិញ អាយុ ១៧ឆ្នាំ
អ្នកទាំងបីស្នាក់នៅបន្ទប់ជួលភូមិ ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ្ឌ
​ជំនួសឱ្យការខិតខំប្រឹងប្រែងធ្វើការងារត្រឹមត្រូវដើម្បីចិញ្ចឹមជីវិតដូចប្រជាពលរដ្ឋទូទៅ ក្រុមយុវជនទំនើង និងអាត្មានិយមទាំងនេះ បែរជាជ្រើសរើសផ្លូវវិនាស ដោយយកការលួចចម្លង និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈធ្វើជាមុខរបរ។ នៅយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ២៣:៤០នាទី ពួកគេបានជិះម៉ូតូ ១គ្រឿង (ម៉ាក Wave ពណ៌សលាយប្រផេះ) ធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងបានចំនួន ៤ខ្សែ នៅចំណុចភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។
​រត់មិនរួចពីសំណាញ់ច្បាប់
​ក្រោយធ្វើសកម្មភាពរួច ពួកគេបានជិះគេចខ្លួនទៅបកសំបកខ្សែភ្លើងនៅទីតាំងស្ងាត់ (ភូមិដីឡូតិ៍) ដើម្បីយកតែលោហៈធាតុលក់យកលុយ តែសំណាញ់ច្បាប់មានភ្នែក! នៅពេលពួកគេជិះត្រឡប់មកផ្លូវធំ ត្រូវបានកម្លាំងល្បាតប្រទះឃើញ និងបញ្ជាឱ្យឈប់។ ដោយមានគំនិតចោរនៅក្នុងខ្លួន ពួកគេបានបន្ថែមល្បឿនជិះគេចខ្លួនយ៉ាងប្រញាប់ប្រញាល់ ប៉ុន្តែមិនអាចគេចផុតពីភាពឆ្លាតវៃ និងការដេញតាមយ៉ាងប្រកិតរបស់សមត្ថកិច្ចឡើយ ដោយត្រូវឃាត់ខ្លួនបាននៅចំណុច ផ្សារ ពង្រ ដោយសុវត្ថិភាព។
​មុខសញ្ញាចាស់ ញៀនថ្នាំ និងធ្វើសកម្មភាពរាប់ដង
​ឆ្លងតាមការសាកសួរយ៉ាងលម្អិត ជនសង្ស័យទាំង ៣នាក់បានសារភាពទាំងក្រញ៉ង់ថា ពួកគេពិតជាបានធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងពិតប្រាកដមែន ហើយនេះ មិនមែនជាលើកទី១នោះទេដោយមុខសញ្ញាទុច្ចរិតនេះធ្លាប់ធ្វើសកម្មភាពរហូតដល់ទៅ៥លើកមកហើយ មិនតែប៉ុណ្ណោះ លទ្ធផលនៃការធ្វើតេស្តរកសារធាតុញៀនបានបង្ហាញ វិជ្ជមាន(+) ទាំងអស់គ្នា ដែលបញ្ជាក់យ៉ាងច្បាស់ថា ទង្វើបំផ្លិចបំផ្លាញរបស់ពួកគេកើតចេញពីអំពើពុករលួយនៃចិត្ត និងការលិចលង់ក្នុងអន្ទាក់គ្រឿងញៀន។
​វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន៖ កូនសោចំនួន៣.កន្ត្រៃ១និងខ្សែភ្លើងមួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យទាំង ៣នាក់ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត ដោយមិនមានការលើកលែងឡើយ។​
ទង្វើលួចកាត់ខ្សែភ្លើង មិនត្រឹមតែជាអំពើចោរកម្មថោកទាបប៉ុណ្ណោះទេ ប៉ុន្តែជាការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសាធារណៈ បង្កឱ្យមានការងងឹតស្លុប និងគ្រោះថ្នាក់ដល់អ្នកដទៃ។ អំពើអាក្រក់ និងភាពខ្ជិលច្រអូសដែលផ្គត់ផ្គង់ដោយគ្រឿងញៀន គ្មានថ្ងៃមានចុងបញ្ចប់ល្អឡើយ ក្រៅពីការបញ្ចប់ជីវិតនៅក្នុងពន្ធនាគារ។សម្រួលអត្ថបទ÷ដោយ លោកមុតចិត្រា ហៅ ប្រម៉ាញ់ជាយដែន