(ឧត្តរមានជ័យ)៖ សាលាដំបូងខេត្តឧត្តរមានជ័យ បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួន ជនត្រូវចោទម្នាក់ ឈ្មោះ អិន ប៉ូលីន ភេទប្រុស អាយុ៤៣ឆ្នាំ ពីបទឆបោក ដែលប្រព្រឹត្តនៅភូមិដូនកែន សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥។ លោក អិន ប៉ូលីន មានមុខរបរជាអ្នកយកព័ត៌មាន។
ក្រោយទទួលបានដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តឧត្តរមានជ័យ, កម្លាំងអាវុធហត្ថខេត្តឧត្តរមានជ័យ បានសហការជាមួយកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ បានធ្វើការឃាត់ខ្លួនជនម្នាក់នេះនៅក្នុងទឹកដី ខេត្តបន្ទាយមានជ័យ ក្រោយគេចវេសមិនចូលខ្លួនដោះស្រាយ។
នៅតាមបណ្តាញសង្គមប៉ុន្មានថ្ងៃមុន មានការចែកចាយថា អ្នកយកព័ត៌មានម្នាក់នេះ ត្រូវបានព្រះរាជអាជ្ញាខេត្តបន្ទាយមានជ័យ បញ្ជឲ្យចាប់ខ្លួន ប៉ុន្តែការចាប់ខ្លួននេះគឺកម្លាំងអាវុធហត្ថអនុវត្តតាមដីការបស់ខាងតុលាការ ខេត្តឧត្តរមានជ័យនោះទេ ដែលជនត្រូវចោទបានរត់គេចខ្លួនមកខេត្តបន្ទាយមានជ័យ។
ក្រោយឃាត់ខ្លួន ជននេះត្រូវបានប្រគល់ជូនអាវុធហត្ថខេត្តឧត្តរមានជ័យ ដើម្បីបញ្ជូនទៅកាន់តុលាការចាត់ការតាមច្បាប់៕


