​អស់លាក់ ជិះម៉ូតូឆក់ទូរស័ព្ទស្ត្រីម្នាក់ ត្រូវជាន់រងគ្រោះដេញបំបុកឲ្យដួល២លើកមុនត្រូវពលរដ្ឋស្វាគមន៍”មួយដៃដៃមួយជើង”រួចប្រគល់ឲ្យប៉ូលីស

​ភ្នំពេញ÷ ក្រុមចោរលួចចោរឆក់ ដែលតែងតែបង្កើតភាពភ័យខ្លាចដល់សង្គម និងរស់នៅលើញើសឈាមរបស់អ្នកដទៃ បានជួបប្រទះនឹង «មេរៀនដ៏ជូរចត់» ថ្មីមួយទៀតហើយ បន្ទាប់ពីជនសង្ស័យម្នាក់បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីស្ត្រីម្នាក់បានសម្រេច ប៉ុន្តែត្រូវរងការវាយបកវិញយ៉ាងចាស់ដៃពីសំណាក់ជនរងគ្រោះ និងប្រជាពលរដ្ឋ រហូតអស់លទ្ធភាពរត់គេចខ្លួន។

​ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង ៤:៣០ នាទីល្ងាច ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ត្រង់ចំណុចជិតផ្សារជម្ពូវ័ន ស្ថិតក្នុងភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
​តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យបានជិះម៉ូតូមួយគ្រឿងធ្វើសកម្មភាពយ៉ាងសកម្ម និងឱកាសនិយម ដេញតាមឆក់ទូរស័ព្ទដៃពីស្ត្រីរងគ្រោះរហូតបានសម្រេច រួចបើកម៉ូតូគេចខ្លួនដោយអំនួត។ ប៉ុន្តែ ជនសង្ស័យមិនបានត្រៀមខ្លួនជួបនឹងភាពក្លាហានរបស់នារីរងគ្រោះនោះឡើយ។ ដោយសេចក្តីក្លាហាន និងមិនព្រមចុះចាញ់អំពើអាក្រក់ ស្ត្រីរងគ្រោះបានបើកម៉ូតូដេញតាមយ៉ាងប្រកិត ហើយបានសម្រេចចិត្តបុកផ្ទប់ម៉ូតូជនសង្ស័យពីក្រោយ រហូតជ្រុលទៅបុកស្ទើរផ្ទប់នឹងរថយន្តមួយគ្រឿងទៀតនៅខាងមុខ បណ្តាលឱ្យជនសង្ស័យដួលផ្លោះកណ្តាលផ្លូវ។

​ទោះជាយ៉ាងណា ជនសង្ស័យនៅតែមានចិត្តរឹងរូស ស្ទុះលើកម៉ូតូជិះគេចខ្លួនបន្តទៀត ប៉ុន្តែប្រហែលជា «ពារវេរា» ឬតក់ស្លុតពេក ក៏បានជ្រុលទៅបុកពីក្រោយម៉ូតូរបស់ប្រជាពលរដ្ឋមួយគ្រឿងទៀត បណ្តាលឱ្យដួលជាលើកទី២។ ភ្លាមៗនោះ ស្ត្រីរងគ្រោះ រួមជាមួយប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវ ឃើញព្រឹត្តិការណ៍ជាក់ស្តែង ក៏បានស្ទុះទៅឃាត់ខ្លួនបានសម្រេច និងបាន «ស្វាគមន៍ដៃជើង» ទៅលើជនសង្ស័យរូបនោះយ៉ាងទ្រមខ្លួន ដើម្បីបំបាត់កំហឹងចំពោះទង្វើថោកទាប រួចទើបប្រគល់ខ្លួនឱ្យមន្ត្រីនគរបាលចាត់ការតាមច្បាប់។
ការរិះគន់និងទស្សនៈសង្គម(មតិរិះគន់ស៊ីជម្រៅ)​ព្រឹត្តិការណ៍នេះ គឺជាសាក្សីបង្ហាញយ៉ាងច្បាស់ថា “អំពើចោរកម្មនិងការរស់នៅលើទុក្ខវេទនារបស់អ្នកដទៃ មិនដែលផ្ដល់លទ្ធផលល្អនោះឡើយ”។ ជនសង្ស័យមានដៃមានជើងពេញលេញ មានកម្លាំងមាំមួន បែរជាមិនប្រើប្រាស់សមត្ថភាពរបស់ខ្លួនទៅប្រកបមុខរបរទុច្ចរិត រកស៊ីដោយស្មោះត្រង់នោះទេ បែរជាមកជ្រើសរើសផ្លូវវ៉ៃប្រហារ ឆក់ប្លន់ ទ្រព្យសម្បត្តិរបស់អ្នកដទៃដែលគេខំប្រឹងរកដោយញើសឈាមទៅវិញ។

​ទង្វើទុច្ចរិត និងថោកទាបបែបនេះ មិនត្រឹមតែបំផ្លាញអនាគតខ្លួនឯង ធ្វើឱ្យក្រុមគ្រួសាររងការអាម៉ាស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជា «វីរុសសង្គម» ដែលបង្កើតភាពអសន្តិសុខដល់មហាជនទូទៅផងដែរ។ ភាពក្លាហានរបស់ស្ត្រីរងគ្រោះ និងកម្លាំងសាមគ្គីរបស់ប្រជាពលរដ្ឋក្នុងហេតុការណ៍នេះ គឺជាសារព្រមានយ៉ាងចាស់ដៃទៅកាន់ក្រុមចោរខិលខូចទាំងឡាយថា
” សម័យនេះប្រជាពលរដ្ឋលែងភ័យខ្លាចឬបណ្ដោយឱ្យក្រុមចោរធ្វើបាបតាមអំពើចិត្តទៀតហើយ”។ ផ្លូវចុងក្រោយនៃក្រុមចោរគ្មានអ្វីក្រៅពី ការអាម៉ាស់ខ្លួន ការឈឺសាច់និងការដេកគុក នោះឡើយ។សម្រួលអត្ថបទ÷ដោយ លោក មុត ចិត្រា ហៅ ប្រម៉ាញ់ជាយដែន