អភិបាលខេត្តប៉ៃលិន ចុះពិនិត្យការស្ថាបនាហេដ្ធារចនាសម្ព័ន្ធនៅ ជ្រោះ សែនសុខ ដើម្បី រុញច្រានវិស័យទេសចរណ៍ និងលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន

​ខេត្តប៉ៃលិន÷ នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន អមដំណើរដោយមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពការងារកែប្រែ និងស្ថាបនាបន្ថែមនូវហេដ្ឋារចនាសម្ព័ន្ធនានា នៅតំបន់ជ្រោះសែនសុខ ដើម្បីបង្កើនសោភ័ណភាព បំពេញតម្រូវការផ្នែកបរិស្ថាន និងទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិឱ្យមកកម្សាន្តកាន់តែច្រើនឡើង។
​ក្នុងឱកាសអញ្ជើញពិនិត្យទីតាំងផ្ទាល់ លោកជំទាវបណ្ឌិត បាន ស្រីមុំ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឆ្លាតវៃ របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី តែងតែយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខរបស់ប្រជាពលរដ្ឋ ដោយបានជួយដោះស្រាយរាល់ការលំបាក និងជំរុញការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ។ ជាពិសេស ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តដូចជា ផ្លូវ ស្ពាន សាលារៀន និងមន្ទីរពេទ្យជាដើម។
​បន្ថែមពីលើនេះ ស្របតាមទស្សនវិស័យអភិវឌ្ឍន៍បៃតង និងចីរភាព រដ្ឋបាលខេត្តប៉ៃលិន បាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការ៖ លម្អទីក្រុង និងធម្មជាតិ ដាំដើមឈើ បន្ថែមសួនផ្កា និងកែប្រែសួនច្បារតាមទ្រូងផ្លូវដើម្បីបង្កើត «ក្រវាត់ពណ៌បៃតង» ក្នុងក្រុង ដែលជួយសម្រួលដល់បរិស្ថាន សុខភាព និងបង្កើនសោភ័ណភាពទីក្រុង។
ទាក់ទាញវិនិយោគ និងទេសចរណ៍÷ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធស្អាតបាត និងមានរបៀបរៀបរយ ជាកាតាលីករដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
​ជាមួយគ្នានេះដែរ លោកជំទាវបណ្ឌិតអភិបាលខេត្ត ក៏បានអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋ ម្ចាស់ទីតាំងអាជីវកម្ម ជាពិសេសអាជីវករលក់ដូរតាមទីសាធារណៈ និងសួនច្បារ ត្រូវចូលរួមសហការរៀបចំសម្អាតអនាម័យនៅមុខបរិវេណរបស់ខ្លួនជាប្រចាំ ដោយត្រូវវេចខ្ចប់ និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវតាមបច្ចេកទេស និងចៀសវាងដាច់ខាតនូវការបោះចោលសំរាមពាសវាលពាសកាលដែលនាំឱ្យប៉ះពាល់ដល់សោភ័ណភាពសាធារណៈ។
​សូមបញ្ជាក់ផងដែរថា៖ គម្រោងអភិវឌ្ឍន៍បន្ថែមនៅតំបន់ ជ្រោះ សែន សុខ (ស្ថិតក្នុងភូមិបឹងព្រលឹត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ) នាពេលនេះ រួមមាន ការស្ថាបនាអគារបណ្ណាល័យ និងការកសាងរូបបដិមាព្រះពុទ្ធផ្ទាញ់មាដ៏ធំ
ដើម្បីលើកកម្ពស់សោភ័ណភាពតំបន់ និងចូលរួមទ្រទ្រង់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋឱ្យកាន់តែរីកចម្រើនតទៅមុខ៕ រាយការណ៍÷ដោយលោក ស សារឿន