អាជ្ញាធរខេត្តប៉ៃលិនចុះអន្តរាគមន៍បន្ទាន់សង្គ្រោះស្រូវវស្សាជាង៥០០ហិចតាដើរកំពុងប្រឈមនឹងការខ្វះខាតទឹក

​ខេត្តប៉ៃលិន÷ ដើម្បីធានាបាននូវទិន្នផលកសិកម្ម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ និងក្រុមការងារបច្ចេកទេស ចុះពិនិត្យស្ថានភាពជាក់ស្តែង និងដឹកនាំប្រតិបត្តិការស្តារប្រឡាយនាំទឹក ព្រមទាំងដំឡើងម៉ាស៊ីនបូមទឹក ដើម្បីអន្តរាគមន៍សង្គ្រោះស្រូវវស្សារបស់ប្រជាកសិករប្រមាណ ៥៣០ហិចតា ដែលកំពុងជួបបញ្ហាខ្វះខាតទឹកស្រោចស្រព ស្ថិតក្នុងឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
​ក្នុងឱកាសអញ្ជើញចុះពិនិត្យទីតាំងជាក់ស្តែង លោកជំទាវបណ្ឌិតអភិបាលខេត្ត បានដាក់បទបញ្ជា និងជំរុញយ៉ាងម៉ឺងម៉ាត់ដល់មន្ទីរធនធានទឹក និងឧតុនិយមខេត្ត ព្រមទាំងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវ៖
ក្តាប់ស្ថានភាពឱ្យបានចប់ជាប្រចាំចុះសិក្សាស្រាវជ្រាវដល់មូលដ្ឋាន និងវាយតម្លៃប្រភពទឹកដែលមានស្រាប់ ដើម្បីរៀបចំផែនការបូម និងបញ្ជូនទឹកចូលស្រែឱ្យបានទាន់ពេលវេលា។
​ មិនត្រូវទុកឱ្យស្រូវរបស់ប្រជាពលរដ្ឋរចនាខូចខាត ដោយសារតែការធ្វេសប្រហែស ឬមិនបានជួយសង្គ្រោះអស់ពីលទ្ធភាពនោះឡើយ។
​លោកជំទាវបណ្ឌិត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រួមជាមួយអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា តែងតែយកចិត្តទុកដាក់ និងគិតគូរខ្ពស់បំផុតចំពោះសុខទុក្ខ និងជីវភាពរបស់ប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈ ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះដោយគ្មានការយកចិត្តទុកដាក់នោះឡើយ។
​ជាមួយគ្នានេះ លោកជំទាវអភិបាលខេត្ត ក៏បានសំណូមពរយ៉ាងទទូចដល់បងប្អូនប្រជាកសិករ៖ សហការឱ្យបានជិតស្និទ្ធជាមួយអាជ្ញាធរ និងក្រុមការងារជំនាញក្នុងការបែងចែកទឹក។
​ប្រកបដោយសមធម៌ ចូលរួមរៀបចំប្រព័ន្ធផ្លូវទឹក និងការបូមទឹកប្រកបដោយតម្លាភាព ដើម្បីឱ្យដំណោះស្រាយនេះបានទៅដល់ដៃកសិករគ្រប់ៗគ្នា និងជួយលើកស្ទួយសេដ្ឋកិច្ចគ្រួសារតាមរយៈវិស័យកសិកម្ម។
​តាមរបាយការណ៍របស់ លោក ង៉ាលីហុង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តប៉ៃលិន បានឱ្យដឹងថា នៅឆ្នាំ២០២៦ នេះ ប្រជាពលរដ្ឋទូទាំងខេត្តប៉ៃលិន បានបង្កបង្កើនផលស្រូវវស្សាសរុបចំនួន ៨,៥៨៥ហិចតា។ ក្រោមការចង្អុលបង្ហាញផ្ទាល់ពី ឯកឧត្តម ថោ ជេដ្ធា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និង លោកជំទាវ បណ្ឌិតបាន ស្រីមុំ អភិបាលខេត្ត មន្ទីរជំនាញបាននិងកំពុងបន្តបេសកកម្មអន្តរាគមន៍ស្តារប្រឡាយ និងបញ្ចេញម៉ាស៊ីនបូមទឹកយ៉ាងសកម្ម ដើម្បីសង្គ្រោះផ្ទៃដីស្រែ ៥៣០ហិកតា នៅឃុំសាលាក្រៅ ឱ្យផុតពីហានិភ័យនៃគ្រោះរាំងស្ងួតនេះ៕រាយការណ៍÷ដោយលោក ស សារឿន