អភិបាលខេត្តប៉ៃលិន ចុះជួបសំណេះសំណាល និងលើកទឹកចិត្តកម្លាំងមូលដ្ឋានឃុំស្ទឹងកាច់ ដើម្បីពង្រឹងសន្តិសុខ និងគុណភាពសេវាសាធារណៈ

​ខេត្តប៉ៃលិន÷នារសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦
លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខយ៉ាងជិតស្និទ្ធជាមួយ ក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ នៅក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។
​ពិធីនេះធ្វើឡើងក្នុងគោលបំណងក្តាប់ឱ្យបានច្បាស់នូវបញ្ហាប្រឈមជាក់ស្តែង ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ព្រមទាំងពិនិត្យមើលស្ថានភាពជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋដោយផ្ទាល់។ ក្នុងឱកាសនោះ លោកជំទាវបណ្ឌិតក៏បានឧបត្ថម្ភថវិកា សម្ភារៈ និងឯកសណ្ឋានជូនដល់កម្លាំងប្រជាការពារភូមិផងដែរ។
​កម្លាំងប្រជាការពារ៖ ដៃគូមិនអាចខ្វះបានក្នុងការថែរក្សាសន្តិសុខមូលដ្ឋាន
​មានប្រសាសន៍ទៅកាន់អង្គពិធី លោកជំទាវបណ្ឌិត បាន ស្រីមុំ បានគូសបញ្ជាក់យ៉ាងស៊ីជម្រៅអំពីតួនាទីដ៏សំខាន់របស់ប្រជាការពារភូមិ ក្នុងការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈនៅក្នុងសហគមន៍។
​លោកជំទាវបានលើកឡើងថា៖ការបង្ការនិងទប់ស្កាត់បទល្មើស ប្រជាការពារភូមិមានភារកិច្ចស្នូលក្នុងការរួមចំណែកលុបបំបាត់អំពើចោរកម្ម បទល្មើសគ្រឿងញៀន ក្មេងទំនើង និងការបង្កសំឡេងរំខានផ្សេងៗ ដើម្បធានាឱ្យប្រជាពលរដ្ឋរស់នៅដោយក្តីសុខសាន្ត។
កិច្ចសហការជិតស្និទ្ធ កម្លាំងប្រជាការពារគឺជាសមរភូមិមុខដែលធ្វើការប្រកៀកស្មា និងសហការយ៉ាងជិតស្និទ្ធជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល ដោយបំពេញភារកិច្ចការពារសន្តិសុខមិនខុសពីមន្ត្រីនគរបាលនោះឡើយ។
​ការយកចិត្តទុកដាក់លើសុខមាលភាព និងសន្តិភាពយូរអង្វែង
​លោកជំទាវបណ្ឌិតអភិបាលខេត្ត បានគូសបញ្ជាក់បន្ថែមថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និង សម្ដេច មហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រទេសជាតិទទួលបាននូវសន្តិភាពពេញលេញ និងស្ថិរភាពយ៉ាងរឹងមាំ។ការគិតគូរពីសុខុមារភាព ការពារសន្តិសុខ និងការផ្ដល់សេវាសាធារណៈចាំបាច់ជូនប្រជាពលរដ្ឋ នៅតែជាអាទិភាពចម្បងបំផុតរបស់អាជ្ញាធរ និងមន្ត្រីជំនាញគ្រប់ជាន់ថ្នាក់ដែលត្រូវយកចិត្តទុកដាក់ជាប្រចាំដើម្បីធានាឲ្យសង្គមជាតិមានសុខសុវត្ថិភាពជីវភាពរុងរឿងនិងសុខដុមរមនា។
​ជាទីបញ្ចប់ លោកជំទាវបណ្ឌិត បាន ស្រីមុំ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិទាំងអស់ ដែលបានលះបង់ពេលវេលា កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី ក្នុងការរួមចំណែកជាមួយអាជ្ញាធរដែនដី។
​ជាពិសេស ស្មារតីនៃការចូលរួមសហការយ៉ាងសកម្មជាមួយកងកម្លាំងជួរមុខ ក្នុងការការពារសន្តិសុខ សុវត្ថិភាពជាតិ និងប្រជាជន នៅតាមខ្សែបន្ទាត់ព្រំដែន គឺជាគំរូដ៏ប្រពៃក្នុងការបន្សល់ទុកនូវផលប្រយោជន៍ និងសន្តិភាពសម្រាប់កូនចៅជំនាន់ក្រោយ។ រាយការណ៍÷ដោយលោក ស សារឿន