សមត្ថកិច្ចស្រុកសាមគ្គីមុនីជ័យ បង្ក្រាបភ្លាមៗករណីហិង្សាឃោរឃៅ វាយដោយចប់ជី បណ្ដាលឲ្យមនុស្ស១ស្លាប់ និងបីនាក់ទៀតរងរបួសធ្ងន់ស្រាល

​ខេត្តកំពង់ស្ពឺ÷ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសយ៉ាងសាហាវឃោរឃៅមួយ បានកើតឡើងនៅក្នុងខេត្តកំពង់ស្ពឺ បណ្ដាលឱ្យមនុស្សម្នាក់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម និង ៣ នាក់ទៀតរងរបួសធ្ងន់-ស្រាល ព្រមទាំងខូចខាតទ្រព្យសម្បត្តិ។ យ៉ាងណាមិញ កម្លាំងសមត្ថកិច្ចជំនាញបានចុះអន្តរាគមន៍ និងស្រាវជ្រាវឃាត់ខ្លួនជនល្មើសបានភ្លាមៗ ដើម្បីបញ្ជូនទៅចាត់ការតាមផ្លូវច្បាប់។
​អនុវត្តតាមបទបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់របស់ លោកឧត្តមសេនីយ៍ទោ ឃឹម សុក ខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងមានការចង្អុលបង្ហាញពីលោកស្នងការរងទទួលផែនជំនាញ នៅរសៀលថ្ងៃទី២៨ ខែកក្ដដា ឆ្នាំ២០២៦ កម្លាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ ដឹកនាំដោយ លោកវរសេនីយ៍ទោ សាវ សភក្តី អធិការនគរបាលស្រុក បានចុះប្រតិបត្តិការស្រាវជ្រាវ និងអន្តរាគមន៍បង្ក្រាបករណីហិង្សាខាងលើនេះយ៉ាងទាន់ពេលវេលា។

​យោងតាមរបាយការណ៍សមត្ថកិច្ច បានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅចំណុចភូមិត្រពាំងស្គុន ឃុំពាំងល្វា ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។ ជនសង្ស័យមានឈ្មោះ បាន រ៉ន ភេទប្រុស អាយុ ៣៩ ឆ្នាំ បានធ្វើសកម្មភាពប្រើប្រាស់ចបជីកដងដែក វាយប្រហារទៅលើជនរងគ្រោះចំនួន ៤ នាក់យ៉ាងសាហាវព្រៃផ្សៃ និងបានវាយកម្ទេចម៉ូតូមួយគ្រឿងបន្ថែមទៀត។
​បណ្ដាលឱ្យជនរងគ្រោះរួមមាន៖
ឈ្មោះ នៅ សាន ភេទប្រុស អាយុ ៧០ ឆ្នាំ (បានបាត់បង់ជីវិតពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ដោយសារមុខរបួសធ្ងន់ធ្ងរពេក)
ឈ្មោះ លេង វ៉ាន់ ភេទប្រុស អាយុ ៤១ ឆ្នាំ (រងរបួស)
ឈ្មោះដោក បូរ៉ុម ភេទប្រុស អាយុ ៤៣ ឆ្នាំ (រងរបួស)
ឈ្មោះ ឈួង ឈឿន ភេទប្រុស អាយុ ៥៧ ឆ្នាំ (រងរបួស)

​ក្រោយកើតហេតុ កម្លាំងជំនាញដោយមានការសហការយ៉ាងជិតស្និទ្ធ បានចុះឃាត់ខ្លួនជនសង្ស័យឈ្មោះ បាន រ៉ន បានភ្លាមៗនៅកន្លែងកើតហេតុ រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់ជាធរមាន៕សម្រួលអត្ថបទ÷ដោយលោក មុត ចិត្រា ហៅ ប្រម៉ាញ់ជាយដែន