ក្តៅៗ កម្លាំងជលផលសហការជាមួយយោធាចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ក្នុង ឃុំ ពាមបាង ដកហូត និងបំផ្លាញចោលឧបករណ៍បទល្មើសជាច្រើន

​ខេត្តកំពង់ធំ÷ ដើម្បីការពារ និងអភិរក្សធនធានធម្មជាតិជលផលឱ្យបានគង់វង្ស នៅថ្ងៃចន្ទ ៦កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ លោក ហួល ផល នាយសង្កាត់រដ្ឋបាលជលផលពាមបាង បានដឹកនាំមន្ត្រីជំនាញ និងមន្ត្រីជាប់កិច្ចសន្យា ដោយមានការចូលរួមសហការយ៉ាងជិតស្និទ្ធជាមួយ លោកអនុសេនីយ៍ឯក លុយ សុភាព នាយទាហានថ្នាក់ដឹកនាំតំបន់ប្រតិបត្តិការសឹករងកំពង់ធំ (យោធភូមិភាគទី៤) ព្រមទាំងកម្លាំងទីបញ្ជាការស្រាលប្រចាំការឃុំពាមបាង បានចុះបេសកកម្មល្បាត ត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផលនៅចំណុច “ដំរីកូន” ស្ថិតក្នុងឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។
​ជាលទ្ធផលនៃការចុះប្រតិបត្តិការយ៉ាងក្តៅគគុកនេះ កងកម្លាំងចម្រុះសម្រេចបាន ដោយបានធ្វើការរុះរើ និងបំផ្លាញចោលនូវឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែង រួមមាន៖
​របាំងស្បៃ ចំនួន ៩ របាំង (សរុបប្រវែង ៤៥០ ម៉ែត្រ)
​ឡុក ចំនួន ១២ គ្រឿង
​លូ លប ស្បៃមុង ចំនួន ១៨ មាត់
​បង្គោលឈើ ចំនួន ២៧០ ដើម
​ជលផល បាន រំដោះ និងចាក់លែងត្រីចម្រុះទម្ងន់ប្រមាណ ១០គីឡូក្រាម ចូលទៅក្នុងដែនទឹកធម្មជាតិវិញភ្លាមៗ។
ផលប៉ះពាល់ធ្ងន់ធ្ងរនៃបទល្មើសនេសាប្រើប្រាស់ស្បៃមុង
​ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ជាពិសេស ” របាំងស្បៃមុង និងលូស្បៃមុង” គឺជាកត្តាបំផ្លិចបំផ្លាញប្រព័ន្ធអេកូឡូស៊ីក្នុងទឹកយ៉ាងធ្ងន់ធ្ងរ។ ឧបករណ៍ប្រភេទនេះមានក្រឡាល្អិតខ្លាំង ដែលអាចចាប់បានទាំងកូនត្រីតូចៗដែលទើបនឹងកកើត ធ្វើឱ្យបាត់បង់ពូជត្រីធម្មជាតិ រាំងស្ទះផ្លូវធ្វើចរាចរណ៍របស់មច្ឆជាតិ និងធ្វើឱ្យប្រភពធនធានជលផលនៅក្នុងតំបន់បឹងទន្លេសាបថយចុះយ៉ាងរហ័សពីមួយឆ្នាំទៅមួយឆ្នាំ។
ការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកម្លាំងសមត្ថកិច្ច
​សកម្មភាពបង្រ្កាបទាន់ពេលវេលានេះ បានស្តែងឱ្យឃើញយ៉ាងច្បាស់ពីស្មារតីទទួលខុសត្រូវខ្ពស់ ការលះបង់ និងភាពប៉ិនប្រសព្វរបស់មន្ត្រីសង្កាត់រដ្ឋបាលជលផលពាមបាង និងកងកម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។ ទោះបីជាត្រូវចុះប្រតិបត្តិការនៅលើផ្ទៃទឹក ជួបការលំបាក និងប្រឈមមុខនឹងឧបសគ្គយ៉ាងណាក៏ដោយ ក៏បងប្អូនអាជ្ញាធរ និងសមត្ថកិច្ចនៅតែខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈមោះមុត ដើម្បីការពារសម្បត្តិធម្មជាតិរបស់ជាតិ និងថែរក្សាប្រភពស្បៀងអាហារសម្រាប់ប្រជាពលរដ្ឋតជំនាន់។
​អាជ្ញាធរមានសមត្ថកិច្ច ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងនេសាទរទាំងអស់ សូមបញ្ឈប់ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់គ្រប់ប្រភេទ និងចូលរួមរាយការណ៍ជូនសមត្ថកិច្ចជាបន្ទាន់ ប្រសិនបើប្រទះឃើញមានសកម្មភាពល្មើស ដើម្បីរួមគ្នារក្សាធនធានមច្ឆជាតិឱ្យបានគង់វង្សតទៅ៕សម្រួលអត្ថបទដោយលោកមុតចិត្រា ហៅ ប្រម៉ាញ់ជាយដែន