ប្រតិបត្តិការក្តៅគគុក  សមត្ថកិច្ចស្រុកបាទីបង្ក្រាបមុខសញ្ញាគ្រឿងញៀន និងក្រុមលួចយ៉ាងសកម្មបាន១១នាក់ ព្រមទាំងដកហូតអាវុធ និងវត្ថុតាងមួយចំនួន

ខេត្តតាកែវ÷ ក្រោមស្មារតីទទួលខុសត្រូវខ្ពស់ និងការយកចិត្តទុកដាក់លើសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន កម្លាំងនគរបាលស្រុកបាទី បានបើកប្រតិបត្តិការស្រាវជ្រាវ និងល្បាតយ៉ាងសកម្ម រហូតឈានទៅបង្ក្រាប និងឃាត់ខ្លួនមុខសញ្ញាសង្ស័យពាក់ព័ន្ធករណីគ្រឿងញៀន និងអំពើចោរកម្មបានជាបន្តបន្ទាប់ចំនួន ១១នាក់ ព្រមទាំងដកហូតបានអាវុធមុខស្រួច និងសម្ភារបទល្មើសមួយចំនួនធំ។
​ប្រតិបត្តិការដ៏ជោគជ័យនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ០៩:១៥ នាទី ដោយមានការចង្អុលបង្ហាញផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី សៅ សារុន ស្នងការរងនគរបាលខេត្តតាកែវ (ស្តីទី) និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តមព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ។ ប្រតិបត្តិការដឹកនាំផ្ទាល់នៅទីវាលដោយ លោកវរសេនីយ៍ទោ មូល សារ៉ាត់  អធិការ នៃអធិការដ្ឋាននគរបាលស្រុកបាទី ដោយបានសហការយ៉ាងជិតស្និទ្ធរវាងកម្លាំងជំនាញអធិការដ្ឋាន និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្នោត។
ដំណើរបង្ក្រាបនិងលទ្ធផលនៃប្រតិបត្តិការ
​តាមប្រភពព័ត៌មានបានឱ្យដឹងថា ក្នុងពេលចុះល្បាតពង្រឹងសន្តិសុខក្នុងភូមិសាស្ត្រឃុំត្នោត លុះមកដល់ចំណុចភូមិរំចេក កម្លាំងសមត្ថកិច្ចបានប្រទះឃើញមុខសញ្ញាសង្ស័យចំនួន ០៧នាក់ និងបានឃាត់សួរនាំ ព្រមទាំងឆែកឆេរ ដកហូតបានទូរស័ព្ទដៃចំនួន ០៤ គ្រឿង។ មិនបង្អង់យូរ ដោយប្រើប្រាស់វិធានការជំនាញយ៉ាងក្តៅគគុក កម្លាំងសមត្ថកិច្ចបានបន្តប្រតិបត្តិការឈានទៅឃាត់ខ្លួនមុខសញ្ញាសង្ស័យ ០៤នាក់ បន្ថែមទៀត នៅចំណុចភូមិពារាម ឃុំពារាម ស្រុកបាទី។
​ក្នុងការឆែកឆេរទីតាំង និងខ្លួនជនសង្ស័យ សមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន៖
កាំបិតចំនួន ០៣ ដើម, ដាវចំនួន ០១ ដើម, ពូថៅចំនួន ០២ ដើម, និងជំពាមកៅស៊ូចំនួន ០១ ដើម។
​វត្ថុតាងផ្សេងទៀត÷ ទូរស័ព្ទដៃសរុប ០៤ គ្រឿង និងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
អត្តសញ្ញាណជនសង្ស័យទាំង ១១នាក់
​តាមការចាត់ថ្នាក់ និងពិនិត្យស្រាវជ្រាវ ជនសង្ស័យទាំង ១១ នាក់ (សុទ្ធសឹងជាប្រុស និងគ្មានមុខរបរពិតប្រាកដ) រួមមាន៖
១. ឈ្មោះ ទូច តូតាល់ អាយុ ២៦ ឆ្នាំ (នៅភូមិរំចេក ឃុំត្នោត) មុខសញ្ញាជួញដូរ និងប្រើប្រាស់សារធាតុញៀន (ដកហូតទូរស័ព្ទ ០១ គ្រឿង)
២. ឈ្មោះ ម៉ៅ ឈីវឡាំង អាយុ ៣០ ឆ្នាំ (នៅភូមិរំចេក ឃុំត្នោត) មុខសញ្ញាប្រើប្រាស់គ្រឿងញៀន (ដកហូតជំពាមកៅស៊ូ ០១ និងទូរស័ព្ទ ០២ គ្រឿង)
៣. ឈ្មោះ បេត បញ្ញា អាយុ ២៦ ឆ្នាំ (នៅភូមិត្នោត ឃុំត្នោត) មុខសញ្ញាប្រើប្រាស់គ្រឿងញៀន (ដកហូតទូរស័ព្ទ ០១ គ្រឿង)
៤. ឈ្មោះម៉ៅ ឈីវឡុង អាយុ ២៨ ឆ្នាំ (នៅភូមិតានប់ ឃុំត្នោត) មុខសញ្ញាប្រើប្រាស់គ្រឿងញៀន និងជាមុខសញ្ញាលួចសកម្ម
៥. ឈ្មោះ ឯម សេងហុង អាយុ ២០ ឆ្នាំ (នៅភូមិតានប់ ឃុំត្នោត)មុខសញ្ញាប្រើប្រាស់គ្រឿងញៀន និងជាមុខសញ្ញាលួចសកម្ម
៦. ឈ្មោះ សុន ប៊ុនណា អាយុ ២៤ ឆ្នាំ (នៅភូមិតានន់ ឃុំត្នោត) មុខសញ្ញាប្រើប្រាស់គ្រឿងញៀន និងជាមុខសញ្ញាលួចសកម្ម
៧. ឈ្មោះ ហៃ មករា អាយុ ២៦ ឆ្នាំ (នៅភូមិតានប់ ឃុំត្នោត) មុខសញ្ញាប្រើប្រាស់គ្រឿងញៀន
៨. ឈ្មោះ មិន សារ័ត្ន អាយុ ៣៥ ឆ្នាំ (នៅភូមិពារាម ឃុំពារាម)  មុខសញ្ញាប្រើប្រាស់គ្រឿងញៀន (ដកហូតកាំបិត ០៣, ពូថៅ ០២, ដាវ ០១ និងសម្ភារប្រើប្រាស់គ្រឿងញៀន)
៩. ឈ្មោះ អ៊ុង ម៉េងហុង អាយុ ១៨ ឆ្នាំ (នៅភូមិរំចេក ឃុំត្នោត) មុខសញ្ញាប្រើប្រាស់គ្រឿងញៀន
១០.  ឈ្មោះ ហុល សុខចាន់ អាយុ ២២ ឆ្នាំ (នៅភូមិរំចេក ឃុំត្នោត)  មុខសញ្ញាប្រើប្រាស់គ្រឿងញៀន និងជាមុខសញ្ញាលួចសកម្ម
១១.  ឈ្មោះម៉ៅ ឧត្តុង្គ អាយុ ៣៥ ឆ្នាំ (នៅភូមិរំចេក ឃុំត្នោត) មុខសញ្ញាប្រើប្រាស់គ្រឿងញៀន
ការកោតសរសើរនិងចំណាត់ការបន្ត​ប្រតិបត្តិការល្បាត និងបង្ក្រាបបានទាន់ពេលវេលានេះ ស្តែងឱ្យឃើញពី ស្មារតីម្ចាស់ការភាពស្លាបវៃ និងភាពក្លាហាន របស់កម្លាំងនគរបាលស្រុកបាទី និងនគរបាលរដ្ឋបាលឃុំត្នោត ដែលបានសហការគ្នាយ៉ាងស្ជិតស្ជិត ក្នុងការលុបបំបាត់បទល្មើសក្នុងមូលដ្ឋាន។ ការដកហូតបាននូវអាវុធមុខស្រួច និងការឃាត់ខ្លួនក្រុមមុខសញ្ញាលួច និងគ្រឿងញៀនទាំងនេះ មិនត្រឹមតែជាការទប់ស្កាត់គ្រោះថ្នាក់ដែលអាចកើតមានឡើងជាយថាហេតុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមយ៉ាងសំខាន់ក្នុងការរក្សា ” គោលនយោបាយ ភូមិ.ឃុំ.សង្កាត់មានសុវត្ថិភាព”ជូនប្រជាពលរដ្ឋយ៉ាងពិតប្រាកដ។ ប្រជាពលរដ្ឋក្នុងមូលដ្ឋានបានសម្តែងនូវកាតព្វកិច្ចថ្លែងអំណរគុណ និងកោតសរសើរយ៉ាងខ្លាំងចំពោះកងកម្លាំងសមត្ថកិច្ចទាំងអស់។
​បច្ចុប្បន្ន ជនសង្ស័យទាំង ១១ នាក់ ព្រមទាំងវត្ថុតាងដែលដកហូតបាន ត្រូវបានកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកបាទី កសាងសំណុំរឿង និងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ជាធរមាន៕